គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) និងអង្គការសាមគ្គីអូឡាំពិក (OS) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្សព្វផ្សាយកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» បានផុសផុលនៅកម្ពុជា ដើម្បីរួមចំណែកកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រង ប្រកបដោយសន្ដិភាព។
នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC ក្នុងអំឡុងពេល NOCC បានចាប់ផ្ដើមបន្ដយុទ្ធនាការរៀបចំកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ប្រចាំឆ្នាំ២០២៦ នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសា មុនពេលបន្តរៀបចំកម្មវិធីនេះនៅតាមបណ្តាខេត្តជាច្រើនទៀត រួមទាំងខេត្តនៅទល់ដែន ដែលទទួលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃផងដែរ។
សម្រាប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក លើកទី១ ប្រចាំឆ្នាំ២០២៦នេះ មានសិស្សានុសិស្សចូលរួមជាង ២០០នាក់ ហើយពួកគេ ត្រូវបានក្រុមការងារជំនាញរបស់ NOCC បង្ហាត់បង្ហាញឱ្យមានការស្វែងយល់ពីប្រវត្តិកកើតចលនាអូឡាំពិក ដែលមានអាយុកាលជិត ៣ពាន់ឆ្នាំ និងការវិវឌ្ឍនៃចលនាអូឡាំពិកសម័យទំនើប ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមសកម្មភាពកីឡា។
បន្ថែមលើនេះ ក្រុមការងារជំនាញរបស់ NOCC បានបញ្ជ្រាបនូវខ្លឹមសារសំខាន់ៗនៃគុណតម្លៃ និងឧត្តមគតិអូឡាំពិក ដល់សិស្សានុសិស្សទាំងអស់នោះ ដែលជាផ្នែកមួយជំរុញដល់ការអភិវឌ្ឍសង្គម និងបំណិនជីវិតដល់ពួកគេ ហើយមន្ដ្រី NOCC ក៏បានបញ្ជ្រាបនូវយុទ្ធនាការ «យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដែលជាយុទ្ធនាការរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបំផុសឱ្យយុវជនត្រៀមលក្ខណៈសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ដែលសកម្មភាពទាំងអស់នេះ ត្រូវបានសាទរជាខ្លាំងពីស្ថាប័នអន្ដរជាតិ។
[img]
លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា៖ «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលកម្ពុជារៀបចំជាប្រចាំឆ្នាំនេះ យើងតែងទទួលការសាទរ និងកោតសរសើរខ្លាំងពី OS និង IOC ដោយគាត់មើលឃើញអំពីភាពផុសផុល និងសកម្មភាពរបស់កម្ពុជា លើការផ្សព្វផ្សាយអំពីទស្សនៈវិជ្ជា និងគុណតម្លៃអប់រំអូឡាំពិកដល់សិស្សានុសិស្ស ដែលជាចក្ខុវិស័យសំខាន់របស់ IOC ក្នុងការរួមចំណែកការកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រង ប្រកបដោយសន្តិភាព តាមរយៈការអប់រំយុវជនឱ្យចូលរួមលេងកីឡា ក្រោមស្មារតីទស្សនៈវិជ្ជា និងចលនាអូឡាំពិក»។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ NOCC ក៏បានជំរុញក្រុមការងារ និងក្រុមជំនាញរបស់ខ្លួន ឱ្យនាំយកកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ទៅរៀបចំជាពិសេសទៅដល់ក្មេងៗ និងសិក្សានុសិស្ស នៅតាមបណ្តាខេត្តជាយដែន ដែលទទួលរងការឈ្លានពានពីយោធាថៃ ដើម្បីជួយឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ទាំងការសិក្សា និងការលេងកីឡា ក្នុងការអភិវឌ្ឍសមត្ថភាពប្រកបដោយចំណេះដឹង និងភាពរឹងមាំទៅថ្ងៃអនាគត។
ជុំវិញការងារនេះ លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ថ្នាក់ដឹកបានណែនាំឱ្យជំរុញការផ្សព្វផ្សាយកម្មវិធីអប់រំអូឡាំពិក នៅតាមបណ្តាខេត្ត ដែលបានទទួលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់យោធាថៃ ដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ជាដើម ដោយយើងនឹងគ្រោងរៀបចំកម្មវិធី អប់រំគុណតម្លៃអូឡាំពិក នៅទីនោះ។
លោកបន្ថែមថា៖ «ថ្នាក់ដឹកនាំ ក៏បានណែនាំឱ្យរៀបចំជាទីលាន និងហេដ្ឋារចនាសម្ព័ន្ធទៅដល់សាលាមួយចំនួន ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាននេះ ដើម្បីឱ្យសិស្សានុសិស្សភៀសសឹក ដែលទើបចូលរៀនវិញ បានលេងកីឡា ព្រោះនៅតាមទល់ដែន សិស្សានុសិស្ស នៅមានអារម្មណ៍ភ័យព្រួយ នៅពេលដែលគាត់ត្រឡប់មកវិញ។ បើទោះបីជាស្ថានភាពបច្ចុប្បន្ន មិនទាន់មានភាពក្តៅគគុកក៏ដោយ តែពួកគាត់ នៅតែភ័យខ្លាច ដូច្នេះមានតែកីឡាទេ ដែលធ្វើឱ្យពួកគាត់បានរំសាយអារម្មណ៍បែបហ្នឹងបាន»៕
ប្រភព៖ PostKhmer