កីឡាចំនួន​១៦ប្រភេទ ទទួលបានប្រាក់រង្វាន់​សរុបជាង​ ៥៩០៣​លាន​រៀល ចំពោះការ​ឈ្នះមេដាយ​អន្តរជាតិជូនជាតិ

ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិកម្ពុជា ចំនួន ១៦ប្រភេទកីឡា បាន​ទទួលប្រាក់​រង្វាន់សរុប​​ចំនួន ៥៩០៣ ៤០០០០០រៀល ពីរាជរដ្ឋាភិបាល ចំពោះការ​ដណ្តើមបានមេដាយមាស​សរុប​៧៩ ប្រាក់ ៩៨ និងសំរឹទ្ធ ១០៨ ពីការ​ប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ជូនប្រទេស​ជាតិ កន្លងមកនេះ។

លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាង​ឱ្យលោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននាំយក​ថវិកា​សរុប​ ៥៩០៣ ៤០០០០០រៀលនេះ បាន​ផ្តល់​ជូន​ដល់​ក្រុម​អត្តពលិក និង​គ្រូ​បង្វឹក​ នៅមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ព្រឹកថ្ងៃសុក្រ​នេះ។

ចំពោះ​​ប្រាក់រង្វាន់ទាំងនេះ ត្រូវបានប្រគល់​ជូនទៅតាមចំនួនមេដាយ និងកម្រិតនៃ​ការ​ប្រកួតយ៉ាង​ត្រឹម​ត្រូវ ហើយ​​គ្រូ​បង្វឹក និងក្រុមអត្តពលិក​​​ទាំង​១៦ប្រភេទ ដែល​បានមក​ទទួលប្រាក់​រង្វាន់​នេះ រួមមាន​កីឡា​ហែល​ទឹក​ពាក់ជើ​ងទា ឃីកបុងស៊ីង ចំបាប់  ទូកកានូ តេក្វាន់ដូ (ITF) ប៉េតង់ ប្រដាល់សកល វ៉ូវីណាម ជឺជីតស៊ូ កាយវប្បកម្ម បញ្ចស៊ីឡាត់ កីឡាអេឡិចត្រូនិក ការ៉ាតេ តេក្វាន់ដូ (WT) កីឡារាំ និងកីឡាបាល់​បោះជនពិការ។

លោក ហង់ជួន ណារ៉ុន បាន​កោតសរសើរ​​ទៅ​ដល់ថ្នាក់ដឹកនាំ គ្រូ​បង្វឹក ជាពិសេស​កីឡាករ កីឡាការិនី​ទាំង​១៦​ប្រភេទខាង​លើ ដែលបានប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួតប្រជែង​ទៅតាមជំនាញ​រៀងៗ​ខ្លួន ហើយ​ដណ្តើម​បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ ដើម្បី​លើក​មុខមាត់ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បាន​រំលេច​ចេញនូវ​សមិទ្ធភាព​ជោគ​ជ័យជា​ច្រើន​ទៀតនៃ​វិស័យ​កីឡា​នៅក្នុងប្រទេស​កម្ពុជា ដែល​​ធ្វើ​ឱ្យ​អន្តរជាតិ មានការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ជាពិសេស​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ជា​លើកដំបូង​ កាល​ពី​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឱ្យកម្ពុជា ទទួលបាន​អត្ថប្រយោជន៍​ធំៗចំនួន​២ ទី​១ មុខមាត់ កិត្តិយស​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ហើយ​ទី​២ ការ​រឹត​ចំណង​កាទូត​ និងកិច្ចសហប្រតិបត្តិការ​ល្អជាមួយ​ប្រទេសជាមិត្ត​ ដែល​បានចូលរួម​ក្នុងព្រឹត្តិការណ៍នោះ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​កាទូត​នៅលើ​ឆាក​អន្តរជាតិ។

លោក ហង់ជួន ណារ៉ុន ​បានបញ្ជាក់ថា៖​ «ជាមួយ​លទ្ធផល​ជោគជ័យ​នៃ​វិស័យកីឡា​របស់​យើង​នៅពេលនេះ ខ្ញុំ​សង្ឃឹម​ថា កីឡាករ កីឡាការិនី​របស់​យើង នឹងខិតខំប្រឹង​ប្រែង​ហ្វឹកហាត់ បង្កើន​សមត្ថ​ភាព​ឱ្យបានកាន់​តែ​ល្អថែម​ទៀត ក្នុងការ​ត្រៀមខ្លួនចូលរួម​ការ​ប្រកួត​អន្តរជាតិ​ក្រោយៗ​ទៀត ដើម្បី​ដណ្តើម​យក​មេដាយ​ជូនជាតិ ឱ្យកាន់តែ​ច្រើន»។

រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា​រូបនេះ បាន​បន្ថែម​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងអប់រំ នៅតែ​បន្តគាំទ្រ​កីឡាករ កីឡាការិនី​យើង ទាំង​ស្មារតី និង​ថវិកា ព្រម​ទាំង​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ សូមបន្ត​ចូលរួមគាំ​ទ្រ​វិស័យកីឡា​ឱ្យកាន់តែ​រីកចម្រើន មាន​និរន្តរភាព ដោយពង្រឹង​ឱ្យ​មានការ​ប្រកួតប្រជែង​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិកាន់តែ​មាន​គុណ​ភាព ឆ្ពោះទៅ​រក​ស្តង់ដាដ៏ពិត​ប្រាកដ»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment