លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រួសារគុនល្បុក្កតោ ខិតខំថែរក្សា និងឱ្យតម្លៃទៅដល់មរតកនៅរស់ ហើយត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាចាំបាច់ ទើបអាចអាចរួមគ្នាអភិរក្ស អភិវឌ្ឍ និងពង្រីកការផ្សព្វផ្សាយកីឡាអត្តញ្ញាណជាតិនេះ ទៅកាន់ឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។
លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ នៅពេលលោកត្រូវបានអង្គមហាសន្និបាតរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជ្រើសតាំងលោកឱ្យឡើងធ្វើជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ ក្នុងអាណត្តិទី៦ ឆ្នាំ២០២៦-២០៣០ ជំនួសលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា ដែលបានសុំចូលនិវត្តន៍ពីតួនាទីជាប្រធានសហព័ន្ធនេះ ដោយសារលោកមានវ័យកាន់តែចាស់ (៨៤ឆ្នាំ) មិនអាចបន្តដឹកនាំសហព័ន្ធនេះទៀតបាន។
យ៉ាងណាក៏ដោយ ក្នុងស្មារតីថែរក្សាមរតកនៅរស់ និងការឱ្យតម្លៃទៅដល់ថ្នាក់ដឹកនាំមានស្នាដៃ ជួយលើកស្ទួយវិស័យកីឡាគុនល្បុក្កតោឱ្យមានឈ្មោះបោះសំឡេង គឺអង្គមហាសន្និបាតរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីព្រឹកថ្ងៃទី ១០ ខែមេសានេះ បានឯកភាពគ្នា លើកលោក ច័ន្ទសារុន ឱ្យធ្វើជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោអស់មួយជីវិត។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៦-២០២៣ នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃសុក្រនេះដែរ លោក វ៉ាត់ ចំរើន បានប្រាប់ទៅគ្រួសារគុនល្បុក្កតោ ឱ្យនាំគ្នាថែរក្សាមរតករស់ ដែលសំដៅលើព្រឹទ្ធាចារ្យ និងគ្រូបង្វឹក ដែលនៅរស់រានមានជីវិត ហើយលោកបានសម្តែងការសោកស្តាយចំពោះការទទួលមរណៈភាពរបស់ព្រឹទ្ធាចារ្យកីឡាមួយចំនួន កាលពីអាណត្តិទី៥ ជាពិសេសព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលជាបុគ្គលដ៏សំខាន់ក្នុងការធ្វើឱ្យគុនល្បុក្កតោរស់ឡើងវិញ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ឥឡូវនេះព្រឹទ្ធាចារ្យចាស់ៗនៅសល់តិចណាស់ ព្រោះលោកគ្រូចាស់ៗល្បីល្បាញរបស់យើងមួយចំនួនធំ ក្នុងអាណត្តិមុននេះ បានលាចាកលោកច្រើនណាស់ អ៊ីចឹងសូមឱ្យគ្រួសារគុនល្បុក្កតោរបស់យើង ខិតខំថែរក្សាព្រឹទ្ធាចារ្យ ឬគ្រូបង្វឹកចាស់ៗ ដែលជាមរតក់នៅរស់ និងនៅសេសសល់»។
លោកបានសង្កត់ធ្ងន់ថា៖ «សហព័ន្ធកីឡាគុនល្បុក្កតោ អាចដំណើរទៅបាន ក៏ដោយសារគុណធម៌របស់យើង ចេះគោរពចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ និងរៀមច្បង ហើយយើងត្រូវនាំគ្នាថែរក្សានូវវប្បធម៌នេះ និងរបៀបរបបនៃការងារនេះ ព្រោះក្បាច់គុនរបស់ប្រទេសផ្សេងៗទៀត ក៏ធ្វើបែបហ្នឹងដែរ គឺគេគោរពព្រឹទ្ធាចារ្យ និងរៀមច្បងជាធំ នៅក្នុងការងារដឹកនាំ និងគ្រប់គ្រង អ៊ីចឹងយើងមិនអាចបំភ្លេចមរតកនៅរស់បានទេ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបង្ហើបថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងអាណត្តិទី៦ ឆ្នាំ២០២៦-២០៣០នេះ មានការងារជាច្រើនទៀតត្រូវធ្វើ ហើយការធ្វើឱ្យមានសុខដុមនីយកម្ម ក្នុងការដឹកនាំគ្រប់គ្រង គឺជារឿងសំខាន់ ក្នុងការរៀបចំឱ្យមានអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធភាពក្នុងការរៀបចំ និងការដឹកនាំរបស់យើង។
អ្នកជំនាញកីឡារូបនេះ បានបញ្ជាក់ថា៖ «គ្រួសារយើងកាន់តែធំ យើងត្រូវមានវិន័យក្នុងការដឹកនាំកាន់តែសុក្រឹត កាន់តែល្អឡើង អ៊ីចឹងយើងត្រូវធ្វើការឱ្យបានល្អ និងសកម្មទាំងអស់គ្នា ចៀសវាសឱ្យបាននូវទំនាស់ ដោយសារផលប្រយោជន៍ផ្សេងៗ។ យើងមិនអាចទាញគុនល្បុក្កតោ ទៅជាប្រយោជន៍បានទេ ព្រោះគុនល្បុក្កតោ ជារបស់ជាតិ ដែលយើងត្រូវខិតខំប្រឹងប្រែងលះបង់ទាំងអស់គ្នា»។
លោកបញ្ជាក់បន្ថែមថា៖ «យើងត្រូវត្រូវមានឯកភាពផ្ទៃក្នុង ក្នុងការដឹកនាំ គ្រប់គ្រងរបស់យើងឱ្យបានរឹងមាំ នៅក្នុងអាណត្តិជាបន្តបន្ទាប់ទៀត ព្រោះយើងមានភារកិច្ចសំខាន់ ត្រូវផ្សព្វផ្សាយ និងអប់រំគុនល្បុក្កតោបន្ថែមទៅក្នុងសង្គម ជាពិសេសការអប់រំ និងពង្រីកការផ្សព្វផ្សាយគុនល្បុក្កតោទៅក្រៅប្រទេស អ៊ីចឹងយើងត្រូវមានការឯកភាពគ្នាទូទាំងប្រទេស មិនឱ្យមានល្បុក្កតោណា ក្រៅពីការឯកភាពរបស់យើងនេះទេ ហើយយើងត្រូវប្រមែប្រមូលកម្លាំង មកធ្វើការងារនេះ ដោយឈរលើសាមគ្គីភាពផ្ទៃក្នុងជាធំ»។
គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាន១៨នាក់ រួមមានលោក វ៉ាត់ ចំរើន ជាប្រធាន លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ្ត លោក សេង ប៊ុនសុង ជាអនុប្រធាន រីឯលោក សាន អង្គររាជវ័ន្ត ដែលជាកូនប្រុសរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាអនុប្រធាន និងជាប្រធានបណ្ឌិតសភាគុនល្បុក្កតោ ចំណែកលោក អ៊ួ តារា ជាអគ្គលេខាធិការ លោក អ៊ុង ដារិទ្ធ លោក វី ដារ៉ា ជាអគ្គលេខាធិការរង និងលោក អឿន រស្មី ជាអគ្គហេរញ្ញិក ហើយបេក្ខភាពចំនួន៩នាក់ទៀត ជាសមាជិកសហព័ន្ធ៕
ប្រភព៖ PostKhmer