ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ សុខ លីមហេង បានឈ្នះតំណែងជើងឯក «ស្តេចអុក» ជាលើកទី៣ បន្ទាប់ពីរូបគេ បានយកឈ្នះស្តេចអុក ជា ស៊ីដេត ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍អុកចត្រង្គ នៅអង្គរសង្រ្កាន្ត រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦។
តាមពិត នៅមុនការប្រកួតដណ្តើមយកតំណែងស្តេចអុក នៅឆ្នាំ២០២៦នេះ សុខ លីមហេង ធ្លាប់បានឈ្នះតំណែងស្តេចអុកចំនួន២លើករួចហើយ កាលពីឆ្នាំ ២០២៨ និងឆ្នាំ ២០២៣ ប៉ុន្តែសម្រាប់ការប្រកួតស្តេចអុក កាលពីឆ្នាំ ២០២៥ លីមហេង បានទទួលការឈឺចាប់ក្រោមថ្វីដៃ ជាស៊ីដេត ដោយ ស៊ីដេត បានយកឈ្នះ លីមហេង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបន្តយកឈ្នះ ម៉េង សេរីសម្បត្តិ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងតំណែងជើងឯកស្តេចអុក។
តែទោះបីជាយ៉ាងណា សម្រាប់ការវិលមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតអុកចត្រង្គ ដើម្បីស្វែងរកស្តេចអុក នៅអង្គរសង្រ្កាន្ត ឆ្នាំ២០២៦នេះ កីឡាករ សុខ លីមហេង សងសឹកបានសម្រចលើ ជា ស៊ីដេត វិញ ដោយបានយកឈ្នះត្រឹមក្តារទី១ ដើម្បីឈ្នះតំណែងស្តេចអុកជាលើកទី៣។
តាមរយៈការឈ្នះតំណែងស្តេចអុកជាលើកទី៣នេះ គឺមានន័យថា សុខ លីមហេង បានបំបែកកំណត់ត្រាការឈ្នះតំណែងស្តេចអុក២លើកជាប់ៗគ្នារបស់ ឈាវ បូរ៉ា កាលពីឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ជាផ្លូវការហើយ ខណៈការប្រកួតអុកចត្រង្គ ដណ្តើមតំណែងស្តេចអុក នៅឆ្នាំ២០២៦នេះ ឈាវ បូរ៉ា បានត្រឹមលេខ៤ ក្រោយចាញ់ ជា ស៊ីដេត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់កីឡាករជើងចាស់ ស៊ីវ ស៊ីន ក្នុងការប្រកួតដណ្តើមយកលេខ៣។
ជាមួយគ្នានេះ សុខ លីមហេង ក៏ទើបបានឈ្នះតំណែងជើងឯក ជាលើកទី៦ជាប់ៗគ្នា ក្នុងការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិផងដែរ បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករ ជា ស៊ីដេត ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦។
តាមរយៈលទ្ធផលនៃការប្រកួតទាំងអស់នេះ បានបង្ហាញឱ្យឃើញថា កីឡាករវ័យ ២៧ ឆ្នាំ សុខ លីមហេង នៅពេលបច្ចុប្បន្ន គឺមានសមត្ថភាពល្អផ្តាច់គេ លើជំនាញកីឡាអុកចត្រង្គនេះ ប្រចាំនៅកម្ពុជា ហើយរូបគេក៏ជាកីឡាករ ធ្លាប់បានសាងស្នាដៃជូនជាតិគួរជាទីមោទនភាពផងដែរ តាមរយៈការឈ្នះបានមេដាយមាស១ ប្រាក់១ ពេលកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ជាប្រវត្តិលើកដំបូង កាលពីឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ សុខ លីមហេង បានអះអាងថា ការប្រកួតអុកចត្រង្គនៅពេលនេះ មានការរីកចម្រើនខ្លាំង ហើយការដណ្តើមបានជ័យជម្នះ ជាពិសេសការប្រកួតស្តេចអុកនៅឆ្នាំ២០២៦នេះ មានការពិបាក ដែលមិនងាយស្រួលយកឈ្នះ ដូចការប្រកួត កាលពី ២ទៅ៣ឆ្នាំមុននោះទេ។
លីមហេង បានប្រាប់នៅព្រឹកថ្ងៃចន្ទនេះថា៖ «ការប្រកួតស្តេចអុកលើកនេះ ខ្ញុំសង្កេតឃើញថា គ្រប់កីឡាករទាំងអស់មកពីតាមបណ្តាក្លិប និងតំបន់នៃរាជធានី-ខេត្ត គឺមានការអភិវឌ្ឍខ្លួនឯងខ្លាំង ជាពិសេសកីឡាករ ជា ស៊ីដេត ដែលគាត់មានសក្តានុពលខ្លាំង ព្រោះពេលលេងជាមួយគាត់ ខ្ញុំមានអារម្មណ៍ថា ពិបាក គ្រាន់តែថា ការលេងអុកនេះ វាទាក់ទងទៅនឹងតាក់ទិចនៃការបែកកូន ចល័តគ្រាប់តិចតួច អ៊ីចឹងរាល់កីឡាករណាក៏ដោយ មិនថាខ្ញុំ ឬគេនោះទេ គឺឱ្យតែដើរខុសនៅក្នុងជំហានណាមួយ មានភាគរយចាញ់ខ្ពស់»។
ដោយឡែក ចំពោះការប្រកួតអុកចត្រង្គជើងឯកកុមារ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានបញ្ចប់ កាលពីទី១៨ ខែមេសា គឺកុមារា សេង វុត្រា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះកីឡាករ ជីង ផេងឡេង នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកកូនប្រុសស្តេចអុក ឈាវ បូរ៉ា ឈ្មោះ ឈាវ បូរិន្ទ ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយកុមារទាំង៣នាក់នេះ បានបរិច្ចាគថវិកា ៣០ភាគនៃប្រាក់រង្វាន់ទទួលបាន ជូនទៅវីរកងទ័ពជួរមុខដូចគ្នា ដើម្បីជាការដឹងគុណដល់ស្មារតីលះបង់របស់ពួកគាត់។
វិញការប្រកួតអុកចត្រង្គជើងឯកកុមារនេះ សុខ លីមហេង បានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថ្នាលក្មេងៗ មានការអភិវឌ្ឍខ្លួនឯងខ្លាំង ហើយខ្ញុំគិតថា ក្មេងៗ៤ទៅ៥នាក់ ដែលបានឡើងដល់ជុំផ្តាច់ព្រ័ត្រ គឺថ្ងៃអនាគត ពួកគេអាចខ្លាំងជាងពួកខ្ញុំទៀត ហេតុនេះខ្ញុំនឹងព្យាយាមហ្វឹកហាត់ទាំងជាមួយក្រុមជម្រើសជាតិ និងហាត់ខ្លួនឯងផង ក៏ដូចជាសិក្សាស្វែងយល់ពីបច្ចេកទេស និងយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីរក្សាតំណែងជើងឯក សម្រាប់ការប្រកួត នៅឆ្នាំក្រោយៗទៀត»៕
ប្រភព៖ PostKhmer