កម្ពុជាសង្កត់ធ្ងន់លើដំណោះស្រាយច្បាប់ រីឯថៃងាកទៅរកការចោទប្រកាន់ និង គំរាមកំហែង

ខណៈដែលភាគីកម្ពុជាផ្តោតលើដំណោះស្រាយ និង ច្បាប់អន្តរជាតិនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានឈានទៅរកការចោទប្រកាន់ និងការគំរាមកំហែង នៅចំពោះមុខអង្គចៅក្រមនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។
សេចក្តីថ្លែងការណ៍របស់ថៃ ត្រូវបានស្តែងចេញពីមូលដ្ឋាននៃភាពភ័យខ្លាច—ភ័យខ្លាចក្រុមជាតិនិយមជ្រុលចោទថាជា “ជនក្បត់ជាតិ” និងរុញទម្លាក់រដ្ឋាភិបាលលោក អនុទីន ចេញពីអំណាច ព្រមទាំងភ័យខ្លាចសាធារណជនថៃចោទប្រកាន់ថា រដ្ឋាភិបាលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ។ ផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍របស់កម្ពុជា ឈរលើមូលដ្ឋាននៃភាពថ្លៃថ្នូរ និងជំនឿចិត្ត—ជឿជាក់លើស្ថិរភាពនយោបាយក្នុងស្រុក ការគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋខ្មែរ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជានិងថៃមិនអាចបំបែកខ្សែបន្ទាត់ព្រំដែនគោក និងសមុទ្រឱ្យនៅដាច់ដោយឡែកពីគ្នានោះឡើយ។ ផ្លូវដ៏ល្អបវរបំផុតសម្រាប់ប្រទេសទាំងពីរ គឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់ និងការយោគយល់គ្នា ដើម្បីកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នា សម្រាប់ប្រយោជន៍ជាសារវន្តនៃប្រជាជនទាំងពីរ។ ដើម្បីសម្រេចផ្លូវនេះបាន ប្រទេសទាំងពីរចាំបាច់ត្រូវមានថ្នាក់ដឹកនាំដែលមានទស្សនវិស័យ សេចក្តីក្លាហាន និងភាពជឿជាក់ខ្ពស់ ៕