កម្ពុជាអំពាវនាវរកជំនួយបោសសម្អាត«គ្រាប់បែកចង្កោមស៊េរីM»ដែលបន្សល់ទុកដោយថៃ

កម្ពុជាបានស្នើសុំឱ្យសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានជំនាញ បន្តជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីដោះស្រាយផលប៉ះពាល់ និងបោសសម្អាតគ្រាប់បែកចង្កោមស៊េរី M ដែលរកឃើញថ្មីនៅលើទឹកដីកម្ពុជា។
យោងតាមលទ្ធផលស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានរកឃើញ និងកំណត់អត្តសញ្ញាណថាជាគ្រាប់ដែលបន្សល់ទុកក្នុងអំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។គ្រាប់បែកចង្កោមទាំងនេះអាចផ្ទុះឡើងគ្រប់ពេលវេលា និងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់អាយុជីវិតកុមារនិងប្រជាពលរដ្ឋដែលរស់នៅឬរកស៊ីធើ្វចម្ការក្នុងតំបន់នោះ។ពេលនេះ គ្រាប់បែកចង្កោមស៊េរី M ដែលមិនទាន់ផ្ទុះទាំងនេះ បានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ ហើយ។ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមមួយស្តីពី «ពីភស្តុតាងឆ្ពោះទៅសកម្មភាព៖ ការជំរុញការស្ទង់មតិសំណល់គ្រាប់បែកចង្កោមតាមរយៈកិច្ចសហប្រតិបត្តិការតំបន់» ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦)៕