ដកអធិការនិងអធិការរងស្រុកឈូកដាក់បញ្ឈរជើងព្រោះករណីអសកម្មរឿងគ្រោះថ្នាក់ចរាចរណ៍

កំពត៖លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក និងលោកវរសេនីយ៍ទោ ឯក វ៉ាន្នី អធិការរងទទួលផែនសណ្តាប់ធ្នាប់ ត្រូវបានថ្នាក់លើសម្រេចដកហូតតំណែងមកដាក់បញ្ឈរជើងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ក្រោយរកឃើញថាមានភាពខ្ជីខ្ជារឿងដោះស្រាយអធិការកិច្ចគ្រោះថ្នាក់ចរាចរណ៍។
គួររំលឹកថានៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។មានករណីរថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ ។ប៉ុន្តែលោកអធិការ និងអធិការរងរូបនោះ មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានស៊ីជម្រៅឡើយ ដោយបែរជាអះអាងថារថយន្តមិនមានកំហុស និងបានស្នើសុំគោលការណ៍ដោះលែងអ្នកបើកបរឱ្យរួចខ្លួនទៅវិញ។ក្រោយពេលទទួលបានបណ្តឹង និងមានបទបញ្ជាពីលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញថ្នាក់ខេត្តបានចុះទៅធ្វើការវាស់វែង និងស្រាវជ្រាវឡើងវិញ ទើបរកឃើញការពិតថា រថយន្តបង្កគឺពិតជាមានកំហុសប្រាកដមែន ដោយបានបើកចូលគន្លងផ្លូវរបស់ម៉ូតូដល់ទៅ ២តឹកកន្លះ៕