គម្រោងវិនិយោគថ្មីចំនួន ៧ និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១ ដែលមានទុនវិនិយោគសរុបជិត ៥០០ លានដុល្លារត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកយកមកពិនិត្យ មុននឹងអនុម័តជាផ្លូវការឱ្យបើកដំណើរការនៅកម្ពុជា។
កិច្ចប្រជុំច្រកចេញចូលតែមួយរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធជាច្រើន។
យោងតាម CDC គម្រោងទាំង ៨ មានទុនវិនិយោគសរុប ៤៩០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤ គម្រោងរួមមាន រោងចក្រផលិត ផ្គុំ និងដំឡើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ កាបូបក្លាស្សេ សម្ភារកីឡា និងសម្ភារក្មេងលេង(ពីប្លាស្ទិក), ផលិតអំបោះ និងជ្រលក់ពណ៌, និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម«បោកគក់សម្លៀកបំពាក់»លើមុខសញ្ញាចាស់(កាត់ដេរសម្លៀកបំពាក់ និងប៉ាក់)។
ចំណែកគម្រោង ២ ទៀតស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី, និងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ។ រីឯគម្រោង ២ ចុងក្រោយ គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់, និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០ មេហ្គាវ៉ាត់។
គម្រោងទាំង ៨ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តមណ្ឌលគីរី។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ (Lor Vichet, Vice-President of the Cambodia Chinese Commerce Association (CCCA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយជម្លោះប្រដាប់អាវុធបានកើតមាននៅប្រទេសជាច្រើន ក៏កម្ពុជានៅតែមានសក្តានុពលគ្រប់គ្រាន់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្តាក់ទុនផ្ទាល់កាន់តែច្រើន។ ចំនួនគម្រោងវិនិយោគនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ខណៈច្បាប់វិនិយោគកម្ពុជា និងកត្តាកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញ កំពុងផ្តល់ភាពអនុគ្រោះ និងផលវិជ្ជមានច្រើនសម្រាប់វិនិយោគិនគ្រប់ជាតិសាសសន៍។
លោកបន្តថា ក្រៅពីនេះ កម្ពុជាក៏មានទីផ្សារជាច្រើនចាំទទួលទំនិញក្រោមលក្ខខណ្ឌពិសេសផ្នែកពន្ធគយផងដែរ។
លោកអះអាងថា៖«កិច្ចខិតខំរបស់រដ្ឋាភិបាលលើការកសាងប្រព័ន្ធច្បាប់ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចូលរួមរបស់ផ្នែកឯកជននឹងជួយបង្កើតនូវបរិយាកាសកាន់តែទាក់ទាញសម្រាប់ការវិនិយោគលើគ្រប់វិស័យ។ គម្រោងវិនិយោគថ្មីៗនេះពេលនេះ ក៏កាន់តែមានភាពចម្រុះ ដែលធ្វើឱ្យសរសរគ្រឹះសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំជាងមុន»។
ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគសរុប ៦៣០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ កើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០២៤។ កំណើននេះជំរុញដោយច្បាប់វិនិយោគថ្មី ភាពអំណោយផលនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាពនយោបាយ ដែលទាក់ទាញវិនិយោគិនលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងទេសចរណ៍៕
ព្រភព៖ PostKhmer