ការផ្ទុះឡើងវិញវីរុសអេបូឡា កើតឡើងហើយ

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាអន្តរជាតិ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសអេបូឡានៅប្រទេសកុងហ្គោ (DRC) និងអ៊ូហ្គង់ដា ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ឆ្លង និង សង្ស័យថាស្លាប់យ៉ាងហោចណាស់ ៨០នាក់ ។

 

ការផ្ទុះឡើងនេះបង្កឡើងដោយវីរុសប្រភេទ Bundibugyo ដែលមានអត្រាស្លាប់ចន្លោះពី ២៥% ទៅ ៤០% ហើយបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬ មានការព្យាបាលជាក់លាក់ណាមួយឡើយ។ ករណីឆ្លងចំនួន ២ ត្រូវបានរកឃើញនៅក្នុងទីក្រុងកាំប៉ាឡា (រដ្ឋធានីរបស់អ៊ូហ្គង់ដា) ដោយគ្មានទំនាក់ទំនងគ្នានោះទេ។ អ្នកជំនាញព្រមានថា នេះជាសញ្ញាបង្ហាញថាវីរុសកំពុងរាលដាលធំជាងអ្វីដែលគេមើលរំពឹងទុក ។

 

ជម្លោះប្រដាប់អាវុធនៅភាគខាងកើតប្រទេសកុងហ្គោបានធ្វើឱ្យប្រព័ន្ធសុខាភិបាលក្នុងតំបន់ចុះខ្សោយ និងធ្វើឱ្យការចុះជួយមានភាពស្មុគស្មាញ។ ក្នុងនោះ បុគ្គលិកសុខាភិបាល ៤ នាក់ក៏បានបាត់បង់ជីវិតផងដែរ។ មជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក កំពុងរៀបចំជម្លៀសប្រជាពលរដ្ឋអាមេរិកាំងមួយចំនួនតូច ដែលបានប៉ះពាល់ផ្ទាល់ ឬ មានហានិភ័យខ្ពស់នៅក្នុងប្រទេសកុងហ្គោ។

 

CDC បានបញ្ជាក់ថា ប្រទេសទាំងពីរមានវិធានការពិនិត្យសុខភាពយ៉ាងម៉ត់ចត់នៅព្រលានយន្តហោះមុនពេលចាកចេញ (Exit screenings) ហើយបច្ចុប្បន្នមិនទាន់មានរបាយការណ៍នៃការឆ្លងនៅលើជើងហោះហើរអន្តរជាតិនោះទេ។ អង្គការ WHO បានដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្របន្ទាន់ចំនួន ៧ តោនទៅកាន់តំបន់ផ្ទុះឡើង ហើយអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ក៏កំពុងរៀបចំវិធានការឆ្លើយតបទ្រង់ទ្រាយធំផងដែរ ៕

ប្រភព៖ CNN

Comments (0)
Add Comment