សហរដ្ឋអាមេរិក និង នីហ្សេរីយ៉ា រួមដៃគ្នាកំចាត់មេខ្លោង ISIS

នៅក្នុងប្រតិបត្តិការរួមគ្នារវាងកងទ័ពសហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា បានកម្ចាត់លោក Abu-Bilal al-Minuki (ឬស្គាល់ថា Abu-Mainok) ដោយជោគជ័យ តាមរយៈការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់គេនៅក្នុងតំបន់ បឹងឆាដ (Lake Chad Basin) ។

 

Al-Minuki ត្រូវបានគេកំណត់អត្តសញ្ញាណថាជាមេបញ្ជាការរងលំដាប់ទីពីររបស់ក្រុម ISIS នៅទូទាំងពិភពលោក និងជាមេដឹកនាំក្រុម ISWAP ដែលជាសាខារបស់ ISIS ប្រចាំអាហ្វ្រិកខាងលិច។ លោកកើតនៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ហើយត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថាជាភេរវករសកម្មបំផុតនៅលើពិភពលោក ។

 

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីបេសកកម្មនេះនៅលើបណ្តាញសង្គម Truth Social ដោយបានថ្លែងថា ការកម្ចាត់ al-Minuki បានធ្វើឱ្យប្រតិបត្តិការជាសកលរបស់ក្រុម ISISធ្លាក់ចុះយ៉ាងខ្លាំង ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានកោតសរសើរចំពោះភាពម៉ឺងម៉ាត់ និងការអត់ធ្មត់របស់កងទ័ពអាមេរិកដោយកត់សម្គាល់ថាពួកគេបានតាមប្រម៉ាញ់មេដឹកនាំ ISIS រូបនេះអស់រយៈពេលជាច្រើនខែ ។

 

ប្រធានាធិបតី Bola Ahmed Tinubu និងអ្នកនាំពាក្យរបស់លោក បានបញ្ជាក់ពីប្រតិបត្តិការនេះ និងបានសម្តែងការដឹងគុណចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក​ ៕

ប្រភព៖ CNN

Comments (0)
Add Comment