ព្រះវិហារៈ កម្លាំងមន្រ្តីបរិស្ថាន និងអាវុធហត្ថក្នុងខេត្តព្រះវិហារបានសហការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់មួយករណីស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃពុធ ទី២២ ខែមេសានេះ ក្រោយពីទទួលបានសេចក្តីរាយការណ៍សុំអន្តរាគមន៍ពីប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោកតាន់ គឹមសួររួចមក។
មន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពី លោកតាន់ គីមសួរភ្លាម ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីសុំកំលាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថាន ធ្វើការដេញស្ទាក់ និងឃាត់ចាប់បានរថយន្តម៉ាក សាំយ៉ុង ចំនួន ១គ្រឿង ដែលបានលួចដឹកជញ្ជូនឈើពេញប្រៀប ចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
នាពេលបច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំបញ្ជូនវត្ថុតាងទៅរក្សាទុកនៅស្នាក់ការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធទាំងអស់។
នាថ្ងៃដដែលនេះដែរ លោកតាន់ គឹមសួរ បានថ្លែងអរគុណចំពោះមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលបានជួយអន្តរាគមន៍យ៉ាងឆាប់រហ័ស និងទាន់ពេលតាមការស្នើសុំរបស់លោករហូតបង្រ្កាបបានបទល្មើសនេះ។
លោកបានសង្ឃឹមថា៖«[មន្រ្តីជំនាញ]នឹងអាចឃាត់ខ្លួនជនបង្កតាមការបង្ហាញនូវភិនភាគ និងអត្តសញ្ញាណរបស់យើងខ្ញុំ ហើយឈានឆ្ពោះទៅដល់ការស៊ើបអង្កេតអំពីមន្ត្រីខិលខូចដែលមានការបើកដៃឱ្យបទល្មើសព្រៃឈើនានាបន្តចរាចរយ៉ាងអាណាធិបតេយ្យ»។
លោកគឹមសួរបានអះអាងថា៖«[ខេត្ត]ព្រះវិហារ មានការចរាចរបទល្មើសព្រៃឈើទាំងថ្ងៃទាំងយប់ រាប់សិបឡាន ឆ្លងកាន់ស្នាក់ការចាំយាមរាប់សិបកន្លែង មានទាំងស្នាក់ការបរិស្ថាន រដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ ប៉ូលិសសេដ្ឋកិច្ច ដូចគ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះ ឬមួយគ្រប់កន្លែងទាល់តែមានវត្តមានតាន់ គឹមសួរ ទើបមានការបង្ក្រាប?»។
ក្រសួងបរិស្ថាននាពេលថ្មីៗនេះបានរំលឹកដល់សាធារណជនថា រាល់ការលក់ ទិញ កាប់ ឬដឹកជញ្ជូនឈើចេញពីតំបន់ការពារធ្មជាតិ ដូចជា ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។ ក្រសួងបានជំរុញឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា៕
ប្រភព៖ PostKhmer