ភ្នំពេញៈ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន ១.៧៤៤.០០០.០០០រៀល (ឬប្រមាណជា ៤៣៥ ៦៧០ដុល្លារ) ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី ២២នេះ។
របាយការណ៍ការផាកពិន័យបានបែងចែកជាពីរផ្នែកធំៗ។ ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ចំនួន ៤លានរៀល ក្នុងជនបរទេសម្នាក់។ ករណីនេះ សមត្ថកិច្ចបានផាកពិន័យបានទឹកប្រាក់ចំនួន ១ពាន់ ៧២០លានរៀល ដែលក្នុងនោះ នៅភ្នំពេញមាន៩៥៦លានរៀល ព្រះសីហនុមាន ៦៦៨លានរៀល កណ្តាលមាន៦០លានរៀល មណ្ឌលគិរីមាន ២០លានរៀល និងខេត្តសៀមរាប មាន ១៦លានរៀលផងដែរ។
ចំណែក ទី២ គឺការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបានទឹកប្រាក់ពិន័យចំនួន ២៤លានរៀល រួមមាន ខេត្តមណ្ឌលគិរី ៤០០.០០០រៀល និងខេត្តកណ្តាល ២៣.៦០០.០០០រៀល។
ដោយឡែក នៅក្នុងខែមេសានេះ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ សមត្ថកិច្ចមូលដ្ឋានបានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត សរុប ២.៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ២១.២៥៩នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន១.០៤៥ទីតាំង ខេត្តតាកែវ មាន១.១០៨ទីតាំង ក្រចេះ មាន៣៤៥ទីតាំង ព្រះសីហនុ មាន៨៣ទីតាំង បន្ទាយមានជ័យ មាន៥៦ទីតាំង កំពង់ចាម មាន៣៧ទីតាំង មណ្ឌលគិរី មាន១២ទីតាំង ឧត្តរមានជ័យមាន៥ទីតាំង កណ្ដាល មាន៣ទីតាំង រតនគិរី មាន១ទីតាំង និងខេត្តសៀមរាប មាន១ទីតាំង។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយលោកសង្កត់ធ្ងន់ថា ការរឹតបន្តឹងអនុក្រឹត្យលេខ ០៣ មិនមែនធ្វើឡើងត្រឹមតែជាយុទ្ធនាការមួយគ្រានោះទេ ប៉ុន្តែគឺជាកិច្ចការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានហ្មត់ចត់ ពិសេសរួមចំណែកបោសសម្អាត និងលុបបំបាត់ឱ្យអស់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តសហការគ្នាជិតស្និទ្ធក្នុងការត្រួតពិនិត្យរដ្ឋបាល និងតាមដានរាល់សកម្មភាពមិនប្រក្រតីនៅតាមមូលដ្ឋាន ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែមានសុវត្ថិភាព ផ្ដល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសដែលមកធ្វើអាជីវកម្មស្របច្បាប់។
លោកបានដាស់តឿនយ៉ាងទទូចដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចរាយការវត្តមានជនបរទេស និងរៀបចំទីតាំងរបស់ខ្លួនឲ្យស្របតាមការកំណត់ក្នុងអនុក្រឹត្យ០៣ ចៀសវាងទទួលរងការផាកពិន័យ និងទណ្ឌកម្មផ្លូវច្បាប់ផ្សេងទៀត។
សូមបញ្ជាក់ថា ទីតាំងស្នាក់នៅប្រមូលផ្តុំ គឺសំដៅទៅលើ ទីសំណាក់ប្រមូលផ្តុំ ឬលំនៅឋានប្រមូលផ្តុំ រួមមាន បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។
អនុក្រឹត្យលេខ០៣ ដែលបានចេញកាលពីខែមករា ឆ្នាំ២០២៦នេះ ក៏បានបែងចែកតួនាទី និងភារកិច្ចដល់ អាជ្ញាធរមូលដ្ឋានត្រូវដឹកនាំត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគ្រប់គ្រងការស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ ចំណែកស្នងការ និងអធិការ មានតួនាទីជាសេនាធិការជូនអភិបាល លើការរៀបចំផែនការ និងដឹកនាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីអនុវត្តផែនការការងារគ្រប់គ្រង ការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងដែនសមត្ថកិច្ច។
អនុក្រឹត្យនេះ ក៏បានកំណត់កាតព្វកិច្ចយ៉ាងច្បាស់ដល់ម្ចាស់ទីតាំង ប្រធាន ឬម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មានកាតព្វកិច្ចកត់ត្រាអ្នកស្នាក់នៅទាំងអស់ ដើម្បីរាយការណ៍ទៅសមត្ថកិច្ច។ ការប្រែប្រួលអ្នកស្នាក់នៅក៏ត្រូវតែរាយការណ៍នឹងត្រូវសហការពេលសមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាល។ ករណីមានវត្តមានជនបរទេសស្នាក់នៅបណ្តោះអាសន្ន ត្រូវរាយការណ៍ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬសមត្ថកិច្ច យូរបំផុត២៤ម៉ោង។ មុនអនុញ្ញាតឱ្យស្នាក់នៅត្រូវឱ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់បើផ្ទុយពីនេះគឺមិនត្រូវឱ្យស្នាក់នៅជាដាច់ខាត៕
ព្រភព៖ PostKhmer