មកដល់ពេលនេះ ដូចគ្មានសញ្ញាវិជ្ជមានអំពីភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz សោះ

ទោះបីជាមានការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លានៅច្រកសមុទ្រ Hormuz ក៏ដោយ ក៏ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់នៅតែមានសុពលភាព ស្របពេលដែលប្រទេសទាំងពីរក៏កំពុងពិចារណាលើអនុស្សរណៈនៃការយោគយល់គ្នា ១៤ ចំណុច ដើម្បីបញ្ចប់ជម្លោះ។

 

ថ្មីៗនេះបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (Centcom) បានរាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានលួចឆ្មក់វាយប្រហារ ដោយប្រើមីស៊ីល ដ្រូន និងទូកតូចៗទៅលើនាវាបំផ្លាញរបស់អាមេរិកចំនួន ៣ គ្រឿង។

 

ជាការឆ្លើយតប សហរដ្ឋអាមេរិកបានវាយបកវិញទៅលើទីតាំងយោធាអ៊ីរ៉ង់ រួមមានកន្លែងបង្ហោះមីស៊ីល និងមជ្ឈមណ្ឌលបញ្ជាការ។ លោក ត្រាំ បានលើកឡើងថា កងកម្លាំងអាមេរិកបានកម្ទេចទូកអ៊ីរ៉ង់ជាច្រើន ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

 

ភាគីអ៊ីរ៉ង់បានអះអាងថា អាមេរិកគឺជាអ្នកចាប់ផ្តើមមុនតាមរយៈការវាយប្រហារលើនាវាដឹកប្រេង និងការទម្លាក់គ្រាប់បែកលើតំបន់ឆ្នេរ ។ អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនគ្រាន់តែបាញ់តបតដើម្បីការពារខ្លួន និងចោទអាមេរិកថាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ។

 

ចំនែកប្រទេសអារ៉ាប់រួម (UAE) ក៏បានធ្វើសកម្មភាពការពារដែនអាកាសប្រឆាំងនឹងដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ ខណៈដែលមានសេចក្តីរាយការណ៍អំពីការផ្ទុះរហូតដល់ទីក្រុងតេហេរ៉ង់ ។

 

ទោះបីជាក្រសួងការបរទេសអ៊ីរ៉ង់កំពុងពិចារណាលើសំណើក៏ដោយ ប៉ុន្តែសមាជិកជាន់ខ្ពស់នៃសភាអ៊ីរ៉ង់បានទាត់ចោលសំណើនោះ ដោយហៅវាថាគ្រាន់តែជា “សំណើរស្រមើស្រមៃ” របស់អាមេរិកប៉ុណ្ណោះ និងបានព្រមានថា អ៊ីរ៉ង់កំពុងដាក់ម្រាមដៃលើកៃកាំភ្លើងរង់ចាំជានិច្ច ។

 

មិនទុកយូ លោក ត្រាំ បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់ខ្លួន ដោយព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យបានឆាប់រហ័ស ទេនោះ ការវាយប្រហារនៅពេលអនាគតនឹងមានកម្រិតខ្លាំងក្លា និង សាហាវជាងមុន ។

 

ទោះបីជាភាគីទាំងពីរប្រកាសថាស្ថិតក្នុងស្ថានភាពឈប់បាញ់ក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែងគឺមានភាពផុយស្រួយបំផុត ។ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានដំណោះស្រាយការទូតជាបន្ទាន់ ខណៈដែលអ៊ីរ៉ង់ត្រៀមលក្ខណៈឆ្លើយតបតាមផ្លូវយោធា ប្រសិនបើលក្ខខណ្ឌរបស់ពួកគេមិនត្រូវបានដោះស្រាយ ៕

ប្រភព៖ BBC

Comments (0)
Add Comment