ក្រុមហ៊ុន Disney កំពុងកើបលុយក្រោមការដឹកនាំ CEO ថ្មី

ក្រុមហ៊ុន Walt Disney បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារ ដែលជាភាពជោគជ័យដំបូងក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ (CEO) ថ្មី លោក Josh D’Amaro។ ក្រោយការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ Disney បានហក់ឡើងជិត ៨% ។

កម្រៃក្នុងមួយភាគហ៊ុន (EPS): សម្រេចបាន $១.៥៧ (ធៀបនឹងការរំពឹងទុក $១.៤៩) ។

ចំណូលសរុប: ទទួលបាន $២៥.២ ប៊ីលីយោន (ធៀបនឹងការរំពឹងទុក $២៤.៧៨ ប៊ីលីយោន) ។

 

លោក D’Amaro បានព្យាករណ៍ថា កំណើន EPS នឹងកើនឡើង ១២% សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៦ ។

-ផ្នែកសួនកម្សាន្ត និងនាវាទេសចរណ៍: ប្រាក់ចំណេញពីប្រតិបត្តិការបានកើនឡើង ៥%។ ទោះបីជាចំនួនអ្នកចូលទស្សនានៅសហរដ្ឋអាមេរិកមានការធ្លាក់ចុះបន្តិចបន្តួច ដោយសារការប្រកួតប្រជែងពី Universal Epic Universe និងការធ្លាក់ចុះនៃភ្ញៀវអន្តរជាតិ ប៉ុន្តែការចំណាយខ្ពស់របស់ភ្ញៀវម្នាក់ៗ និងអាជីវកម្មនាវាទេសចរណ៍បានជួយរុញច្រានចំណូលឱ្យនៅតែមានកំណើន ។

-ផ្នែកកម្សាន្ត (ការផ្សាយ Streaming និងភាពយន្ត): ប្រាក់ចំណេញបានកើនឡើង ៦% (ស្មើនឹង $១.៣៤ ប៊ីលីយោន)។ កំណើននេះបានមកពីការជាវសេវាកម្ម Streaming និងជោគជ័យនៃភាពយន្តល្បីៗដូចជា Zootopia 2 និង Avatar: Fire and Ash។ បច្ចុប្បន្ន ចំណូលពី Streaming មានចំនួនទ្វេដងនៃចំណូលពីទូរទស្សន៍ចាក់ផ្សាយតាមរលកធាតុអាកាស ។

-ផ្នែកកីឡា (ESPN): ប្រាក់ចំណេញបានធ្លាក់ចុះ ៥% ($៦៥២ លាន) ដោយសារការកើនឡើងនៃថ្លៃសិទ្ធិផ្សព្វផ្សាយកីឡា និង ការចំណាយលើការផលិត ។

ទោះជាយ៉ាងណា ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោក Hugh Johnston បានព្រមានអំពីការកើនឡើងនៃតម្លៃប្រេងសាំង ដែលអាចប៉ះពាល់ដល់អាកប្បកិរិយាចំណាយរបស់អ្នកប្រើប្រាស់។ លោក D’Amaro ចាត់ទុក AI ជាឱកាសសម្រាប់ពង្រឹងប្រសិទ្ធភាពនៃការផលិត ប៉ុន្តែលោកសង្កត់ធ្ងន់ថា ការច្នៃប្រឌិតរបស់មនុស្ស នៅតែជាបេះដូងនៃអ្វីគ្រប់យ៉ាងដែល Disney ធ្វើ ៕

Comments (0)
Add Comment