សហរដ្ឋអាមេរិកបានបើកការវាយប្រហារមកលើទូកល្បឿនលឿនអ៊ីរ៉ង់ស្របពេលដែលអ៊ីរ៉ង់បានកំទេចរោងចក្រប្រេងរបស់សហព័ន្ធអារ៉ាប់រួម

ប្រធានាធិបតី Trump បានប្រកាសថា ឧទ្ធម្ភាគចក្រអាមេរិកបានកម្ទេច “ទូកល្បឿនលឿន” របស់អ៊ីរ៉ង់ចំនួន ៧ គ្រឿង នៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបដិសេធ ដោយអះអាងថាអាមេរិកបានវាយប្រហារលើនាវាដឹកទំនិញស៊ីវិល ២ គ្រឿង ទៅវិញ ដែលបណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់។

ចំនែកអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានវាយប្រហារកំពង់ផែប្រេង Fujairah របស់ UAE ដោយប្រើមីស៊ីល និងដ្រូន បណ្តាលឱ្យមានអគ្គិភ័យយ៉ាងខ្លាំង និងមានអ្នករងរបួស។ ក្រៅពីនេះ នាវាដឹកប្រេងរបស់ UAE និងនាវារបស់កូរ៉េខាងត្បូង ក៏បានរាយការណ៍អំពីការវាយប្រហារនៅក្នុងផ្លូវទឹកដ៏សំខាន់នេះផងដែរ ។​ ខណៈពេលដែលអាមេរិកបញ្ជាក់ថាបានការពារនាវាជំនួញឱ្យឆ្លងកាត់ច្រកសមុទ្រដោយជោគជ័យ អ៊ីរ៉ង់បានហៅការអះអាងនេះថាជា “រឿងមិនពិត” ហើយនិយាយថាពួកគេបានបាញ់ព្រមានទៅលើនាវាចម្បាំងអាមេរិក។

ច្រកសមុទ្រ Hormuz នៅតែបន្តត្រូវបានបិទខ្ទប់ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% របស់ពិភពលោក។ ជាលទ្ធផល តម្លៃប្រេងឆៅ Brent បានហក់ឡើង ៥% រហូតដល់លើស ១១៥ ដុល្លារក្នុងមួយបារ៉ែល ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅគម្រោងរបស់អាមេរិកថាជា “គម្រោងជាប់គាំង” (Project Deadlock) ដោយសង្កត់ធ្ងន់ថា គ្មានដំណោះស្រាយយោធាសម្រាប់វិបត្តិដែលកើតចេញពីនយោបាយនោះទេ។

មេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងឥណ្ឌា បានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងនាវាដឹកជញ្ជូន។ អាល្លឺម៉ង់បានទាមទារឱ្យទីក្រុងតេហេរ៉ង់ បញ្ឈប់ការបិទខ្ទប់ និងត្រឡប់ទៅរកការចរចាវិញ ។

ទីក្រុងអាប៊ូដាប៊ី (Abu Dhabi) បានចាត់ទុកការវាយប្រហារនេះថាជា “ការបង្កើនជម្លោះដ៏គ្រោះថ្នាក់” ហើយរក្សាសិទ្ធិក្នុងការសងសឹក ទោះបីជាអ៊ីរ៉ង់បដិសេធថាគ្មានផែនការវាយប្រហារលើ UAE ក៏ដោយ ៕

ប្រភព៖ BBC

Comments (0)
Add Comment