ការសម្តែងក្បាច់គុនរួមគ្នាដ៏អស្ចារ្យរវាងយុទ្ធគុនខ្មែរបុរាណ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនកុងហ្វូសៅលីង និងថាយជី របស់ចិន នៅក្នុងពិធី «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» បានបង្ហាញពីការរឹតបន្តឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំង២ ដែលលើកនេះ គឺផ្តោតសំខាន់ទៅលើការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនេះ នៅក្នុងអំឡុងប្រារព្ធពិធី «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ដោយព្រឹត្តិការណ៍នេះ រៀបចំបានយ៉ាងល្អ ធ្វើឱ្យមានការទាក់ទាញខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកទស្សនាផ្ទាល់ និងមើលតាមការផ្សាយផ្ទាល់។
លោក ហួត ហាក់ បានថ្លែងថា៖ «ការសម្តែងក្បាច់គុនរួមគ្នានេះ ជាការបង្ហាញពីការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលមានតាំងពីថ្នាក់ដឹកនាំជំនាន់មុនៗ គឺជាចំណងមិត្តភាពដែកថែម មានភាពរឹងមាំ និងស្ថិតស្ថេរជាអមតៈ ហើយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាកិច្ចសហប្រតិបត្តិការនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន»។
ចំពោះ «គុនល្បុក្កតោ» ដែលត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២នោះ ត្រូវបានលោក ហួត ហាក់ ចាត់ទុកថា ជាមរតកក្បាច់គុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។
លោកបានបញ្ជាក់ថា៖ «ក្បាច់គុនល្បុក្កតោរបស់យើង មានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ គឺជាក្បាច់គុនដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ហើយនេះជាតម្លៃបន្ថែមខ្ពស់ណាស់ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីក្បាច់គុន ពីប្រសិទ្ធភាព ពីឥទ្ធិពល និងពីគោលដៅនៃក្បាច់គុនល្បុក្កតោខ្មែរហ្នឹង ទៅកាន់ភ្ញៀវទេសចរអន្តជាតិទាំងអស់ នៅលើពិភពលោក»។
លោកបានបន្ថែមថា៖ «ក្បាច់គុននេះ ក៏បានបង្ហាញប្រាប់ទៅពិភពលោកអំពីភាពល្បីល្បាញ រុងរឿងនៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងអរិយធម៌ខ្មែរ ហើយនេះជាការផ្សព្វផ្សាយ ដើម្បីបង្ហាញថា ក្បាច់គុនល្បុក្កតោ ជាផ្នែកមួយនៃសក្តានុពលទេសចរណ៍កម្ពុជា មិនមែនត្រឹមតែនៅសៀមរាបនោះទេ គឺនៅទូទាំងព្រះរាជណាចក្រកម្ពុជា ហើយទៅកាន់ពិភពលោកទាំងមូលតែម្តង»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់ទុក «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» លើកនេះ ជាព្រឹត្តិការណ៍ផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយវប្បធម៌ និងសិល្បៈក្បាច់គុន ដ៏សំខាន់ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបលើកទី៦៨ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅបន្តពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់តាមរយៈការបង្ហោះសារ នៅលើផេចហ្វេសប៊ុកផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ថា៖ «ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពរស់នៃការផ្លាស់ប្តូរវប្បធម៌ សាមគ្គីភាព និងមិត្តភាពដ៏យូរអង្វែង ដែលនឹងបន្តរួមចំណែកជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិឱ្យមកឈ្វេងយល់ និងទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៅកម្ពុជា»៕
ប្រភព: PostKhmer