គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ខណៈដែលអ្នកឃ្លាំមើលយល់ថា ច្បាប់នេះសំខាន់សម្រាប់វិស័យការពារជាតិ ប៉ុន្តែ ស្នើឲ្យមានវិធានការធានាកុំឲ្យមានអំពើពុករលួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះរួមមានទាំងសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាផងដែរ។ យ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតនៅឡើយថាតើច្បាប់នេះ មានខ្លឹមសារយ៉ាងដូចម្ដេច។
តាមពិតទៅ កម្ពុជាមានការតព្វកិច្ចយោធារួចហើយ ដែលត្រូវបានប្រកាសឲ្យប្រើតាំងពី២០ឆ្នាំមុន ប៉ុន្តែ ច្បាប់នេះហាក់មិនត្រូវបានយកមកប្រើប្រាស់នោះទេ។ ច្បាប់នេះតម្រូវឲ្យពលរដ្ឋកម្ពុជាអាយុពី ១៥ ដល់ ៣០ឆ្នាំ ត្រូវបំពេញតាព្វកិច្ចយោធារយៈពេល១ឆ្នាំកន្លះ។ ប៉ុន្តែ នៅខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានបង្ហើបថា គណៈរដ្ឋមន្ត្រីរបស់លោកចង់ធ្វើវិសោធនកម្មច្បាប់នេះ ដោយដំឡើងរយៈពេលពី១ឆ្នាំកន្លះទៅ២ឆ្នាំ ដើម្បីបន្ថែមការហ្វឹកហាត់។
លោក មាស នី អ្នកឃ្លាំមើលសង្គមឯករាជ្យ បានថ្លែងថា ពេលនេះជាពេលចាំបាច់ដែលកម្ពុជាត្រូវការអនុវត្តច្បាប់កាតព្វកិច្ចយោធា ឬ បរិចារកិច្ចយោធា ពីព្រោះនៅប្រទេសសន្តិភាពក៏មានកាតព្វកិច្ចនេះដែរ ដើម្បីយ៉ាងហោចណាស់មានជំនាញប្រយុទ្ធជាមូលដ្ឋាន។
លោកបន្តថា តាមការអង្កេតរបស់លោក ខណៈដែលកម្ពុជាមានភាពចាំបាច់សម្រាប់កាតព្វកិច្ចយោធានេះ កម្ពុជាមានបញ្ហាប្រឈមមួយចំនួន ដូចជាកត្តាសេដ្ឋកិច្ចរបស់កម្ពុជា។
លោកថា៖ «អីចឹងទៅបើយើងរើសកងទ័ពច្រើនក៏យើងមិនមានអ្វីគ្រប់សម្រាប់ចិញ្ចឹមកងទ័ពដែរ»។ លោកបន្តថា លោកក៏បានឮការរិះគន់ពីសាធារណមតិថាមានអំពើពុករលួយក្នុងជួរកងទ័ពផងដែរ ទោះបីជាលោកមិនដែលបានធ្វើការស្រាវជ្រាវថាវាមានកម្រិតប៉ុណ្ណាដែរ។ លោកក៏ស្នើឲ្យរាជ្យរដ្ឋាភិបាលពិនិត្យមើលលើកងទ័ពដែលមានស្រាប់។
លោកថ្លែងថា៖ «ចម្បាំងជាមួយថៃលើកនេះ យើងបានដឹងស្រាប់ហើយថាកម្លាំងយើងស្ថិតនៅកម្រិតណា ហើយកម្លាំងគេនៅកម្រិតណា។ យើងត្រូវរៀនសូត្រពីនេះ ហើយធ្វើការកំណែទម្រង់និងរៀបចំសមត្ថភាពកងទ័ពដែលមានស្រាប់នោះ ធ្វើឲ្យមានសមត្ថភាពប្រហាក់ប្រហែលគេ បូករួមទាំងពង្រឹងផ្នែកបច្ចេកវិជ្ជាយោធាផងដែរ»។
លោកស្នើឲ្យពិនិត្យមើលលើការសង្ស័យរឿងពុករលួយ កុំឲ្យមានឈ្មោះទាហានច្រើន ប៉ុន្តែពេលទៅច្បាំងមានចំនួនខុសពីតួលេខលើបញ្ជី៕
ប្រភព៖ PostKhmer