លោក ត្រាំ ថា សំណើបទឈប់បាញ់ជាមួយអ៊ីរ៉ង់គឺ «មិនទាន់ល្អគ្រប់គ្រាន់ទេ» នៅ​ពេលឱសានវាទជិតមកដល់

ប្រធានាធិបតី ត្រាំ បានគំរាមបើកការវាយប្រហារទ្រង់ទ្រាយធំ សំដៅលើស្ពាន រោងចក្រអគ្គិសនី និងទីតាំងស៊ីវិលផ្សេងៗទៀត ត្រឹមល្ងាចថ្ងៃអង្គារ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក។ លោកថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិកនឹងពិចារណាជួយកសាងអ៊ីរ៉ង់ឡើងវិញ ប្រសិនបើពួកគេអាចឈានដល់កិច្ចព្រមព្រៀងមួយ។

លោក ត្រាំ បានថ្លែង​នៅ​ចន្ទ​ ថា សំណើបទឈប់បាញ់ដែលដាក់ចេញដោយអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺជា «ជំហានដ៏សំខាន់មួយ» ប៉ុន្តែលោកបានព្រមានថា វានៅតែ «មិនទាន់ល្អគ្រប់គ្រាន់» នោះទេ ខណៈដែលឱសានវាទសម្រាប់កិច្ចព្រមព្រៀងនៅល្ងាចថ្ងៃអង្គាររបស់លោកកំពុងខិតជិតមកដល់។

ចំណែកឯភាគីអ៊ីរ៉ង់វិញ បានបដិសេធរាល់សំណើបទឈប់បាញ់ណាមួយ ដោយទាមទារ​ថា ផែនការសន្តិភាពណាមួយត្រូវតែរួមបញ្ចូលនូវការបញ្ចប់ការ​ប្រយុទ្ធ​ទាំងស្រុង។ មន្ត្រីអ៊ីរ៉ង់​បាននិយាយថា ការចរចាតាមផ្លូវការទូតដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតកំពុងបន្តធ្វើឡើង ទោះបីជាហាក់ដូចជាមានការព្រមព្រៀងគ្នាតិចតួចលើទម្រង់នៃការបញ្ឈប់អរិភាពយ៉ាងណាក៏ដោយ។

ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមបើកច្រកសមុទ្រហ័រមុស (Hormuz) ឡើងវិញត្រឹមល្ងាចថ្ងៃអង្គារទេនោះ លោក ត្រាំ បានគំរាមបើកការវាយប្រហារទ្រង់ទ្រាយធំសំដៅលើស្ពាន រោងចក្រអគ្គិសនី និងទីតាំងស៊ីវិលផ្សេងៗទៀត ដែលតាមសម្តីរបស់លោក វានឹងធ្វើឱ្យអ៊ីរ៉ង់ «ត្រឡប់ទៅរកយុគសម័យថ្មវិញ»។

ប៉ុន្តែប្រធានាធិបតី​អាមេរិក​ក៏ធ្លាប់បានពន្យារពេលឱសានវាទដែលលោកកំណត់ដោយខ្លួនឯងជាច្រើនលើកផងដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្រុមអ្នកការទូតជុំវិញពិភពលោកកំពុងចោទសួរថា តើលោក ត្រាំ នឹងស្វែងរកផ្លូវចេញម្តងទៀត ឬមួយក៏លោកនឹងអនុវត្តតាមការគំរាមកំហែងនៅពេលនេះ ដែលអាចបង្កឱ្យមានមហាជម្លោះឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់​តែ​ខ្លាំង៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment