អាមេរិក​-អ៊ីរ៉ង់ ផ្អាក​ប្រយុទ្ធគ្នា​និង​យល់​ព្រម​បើក​ច្រក​សមុទ្រ​ Hormuz ២​សប្ដាហ៍

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយការចរចានឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាកីស្ថាន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែង​ថា លោកនឹងផ្អាកការវាយប្រហារ ប្រសិនបើទីក្រុងតេហេរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញទាំងស្រុង។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានលើកឡើងថា ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈផ្លូវទឹកដ៏សំខាន់នេះ នឹងអាចធ្វើទៅបានក្នុងរយៈពេលពីរសប្តាហ៍ តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Seyed Abbas Araghchi បាន​ថ្លែង​នៅ​លើ​បណ្ដាញ​ X ថា៖ «ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានបញ្ឈប់ កងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លារបស់យើង នឹងបញ្ឈប់ប្រតិបត្តិការការពារខ្លួនរបស់ពួកគេ។ ក្នុងរយៈពេលពីរសប្តាហ៍ ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រហ័រមូស (Hormuz) នឹងអាចធ្វើទៅបាន តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងដោយមានការពិចារណាត្រឹមត្រូវអំពីកម្រិតបច្ចេកទេស»។

សេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាកីស្ថាន លោក Shehbaz Sharif បានស្នើសុំឱ្យប្រធានាធិបតីអាមេរិករូបនេះ បន្ថែម​ពេល​វេលា​សម្រាប់ការចរចាឈានទៅរកកិច្ចព្រមព្រៀង និងស្នើឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឱ្យបានពេញលេញ។

លោក ត្រាំ បាន​បញ្ជាក់​ថា៖ «ផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងសេនាប្រមុខ Asim Munir នៃប្រទេសប៉ាកីស្ថាន ដែលក្នុងនោះពួកគាត់បានស្នើសុំឱ្យខ្ញុំផ្អាកការបញ្ជូនកម្លាំងបំផ្លិចបំផ្លាញទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះ ហើយក្នុងលក្ខខណ្ឌដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញជាស្ថាពរ ភ្លាមៗ និងដោយសុវត្ថិភាព ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងជាកិច្ចព្រមព្រៀងដែលមានការអនុវត្តពីភាគីទាំងសងខាង»។

ស្រដៀងគ្នា​នេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន​ Shehbaz Sharif បាន​ថ្លែង​នៅលើ​បណ្ដាញ X ថា៖ «ដោយការគោរពជាទីបំផុត ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ភ្លាមៗនៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសលីបង់ និងកន្លែងផ្សេងទៀតផងដែរ ដោយចូលជាធរមានភ្លាមៗចាប់ពីពេលនេះតទៅ»៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment