ចិនថានាវាចម្បាំងផ្តល់ឱ្យកម្ពុជាមិនមែនសម្រាប់ប្រឆាំងភាគីទី៣

នាវាចម្បាំងប្រភេទ Type 056 ដែលចិនបានផ្តល់ឱ្យកម្ពុជានៅមូលដ្ឋានទ័ពជើងទឹករាម គឺជាផ្នែកមួយ​នៃកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់រវាងយោធារបស់ប្រទេសទាំងពីរ និងមិនមានគោលដៅ​ប្រឆាំងនឹងភាគីទីបីឡើយ ហើយក៏មិនពាក់ព័ន្ធនឹងស្ថានភាពតំបន់បច្ចុប្បន្នដែរ។​ នេះបើយោងតាម​អ្នកនាំពាក្យក្រសួងការពារជាតិចិន។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានឆ្លើយតបទៅនឹងសំណួរ​នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៩ មេសា ស្តីពីការមកដល់នៃនាវាចម្បាំងប្រភេទ Type 056 ដំបូងដែលចិនផ្តល់ឱ្យកម្ពុជានៅមូលដ្ឋានទ័ពជើងទឹករាម  ស្របពេលកម្ពុជាកំពុងមានភាពតានតឹង​ក្នុងតំបន់ ប៉ុន្តែអ្នកនាំពាក្យចិនរូបនេះបាននិយាយថា នេះគឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការ​ដែលមាន​ស្រាប់រវាងយោធាចិន និងកម្ពុជា មិនមានគោលដៅប្រឆាំងនឹងភាគីទីបី ហើយក៏មិនពាក់ព័ន្ធ​នឹងស្ថានភាពក្នុងតំបន់បច្ចុប្បន្នដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន global times

លោក Zhang Junshe អ្នកជំនាញកិច្ចការយោធាចិន បានប្រាប់កាសែត Global Times ថា នាវាចម្បាំង Type 056 គឺជានាវាចម្បាំងពហុមុខងារទំហំតូច ដែលមានទម្ងន់ប្រហែល ១៥០០ តោន និងប្រព័ន្ធរុញច្រានដ៏មានអានុភាព។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការល្បាត និងបេសកកម្មត្រួតពិនិត្យប្រចាំថ្ងៃ ដែលសមស្របខ្លាំងសម្រាប់ប្រតិបត្តិការនៅតាមឆ្នេរសមុទ្រ។

ទោះបីជាវាមានទម្ងន់មិនធំក៏ដោយ តែនាវា Type 056 ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលជាច្រើនប្រភេទ ដែលត្រូវបានគេទទួលស្គាល់ថា មានសម្ថភាពឆ្លើយតបរហ័ស និងចំគោលដៅ។ នាវានេះមានប្រព័ន្ធការពារផ្លូវអាកាស អាវុធប្រឆាំងនាវា និងកាំភ្លើងធំកងទ័ពជើងទឹក ដែលផ្តល់ឱ្យនូវសមត្ថភាពប្រយុទ្ធគ្រប់ជ្រុងជ្រោយ។ មីស៊ីលប្រឆាំងនាវាមានចម្ងាយឆ្ងាយ ខណៈមីស៊ីលការពារផ្លូវអាកាសអាចទប់ស្កាត់គោលដៅដែលហោះទាប ដូចជា មីស៊ីលប្រឆាំងនាវា ដែលកំពុងមកដល់ ហើយនាវាចម្បាំងនេះក៏មានសមត្ថភាពខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំង នឹងនាវាមុជទឹកផងដែរ។

ជាមួយនឹងការមកដល់នៃនាវាចម្បាំងប្រភេទ Type 056 នៅមូលដ្ឋានរាម នាវានេះត្រូវបានរំពឹងថា នឹងជួយពង្រឹងសម្ថភាពរបស់កម្ពុជាយ៉ាងមានប្រសិទ្ធភាពក្នុងការការពារសន្តិសុខជាតិ និងសន្តិភាព ព្រមទាំងបង្កើនសមត្ថភាពក្នុងការជួយសង្គ្រោះតាមសមុទ្រ និងប្រតិបត្តិការមនុស្សធម៌។ វាជាសញ្ញាបង្ហាញពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធារវាងចិន និងកម្ពុជា ពីការធ្វើសមយុទ្ធ និងការបណ្តុះបណ្តាលរួម ទៅដល់កិច្ចសហប្រតិបត្តិការលើឧបករណ៍ និងបច្ចេកវិទ្យា៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment