មេដឹកនាំអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បញ្ចាក់ថា លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយផ្ទាល់ជាមួយប្រទេសលីបង់ ក្រោយលោកបញ្ជាឱ្យមានការវាយប្រហារលើប្រទេសលីបង់ ដែលសម្លាប់មនុស្សរាប់រយនាក់ និងគំរាមកំហែងដល់បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូកាលពីថ្ងៃព្រហស្បតិ៍ ទី ៩មេសា បានលើកឡើងថា «ដោយសារតែការស្នើសុំម្តងហើយម្តងទៀតពីលីបង់ក្នុងការបើកការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល លោកបានណែនាំគណៈរដ្ឋមន្ត្រីឱ្យចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយលីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ការចរចានឹងផ្តោតលើការដកហូតអាវុធពីក្រុមហេសបូឡា និងការបង្កើតទំនាក់ទំនងសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងលីបង់។
មន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិកម្នាក់ បានបញ្ជាក់ថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីការចរចាបទឈប់បាញ់ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera
មុនការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មេដឹកនាំអ៊ីស្រាអែលនេះ ប្រធានាធិបតីលីបង់លោក យូសេហ្វ អាអូន បាននិយាយថា លោកកំពុងធ្វើការលើផ្លូវការទូតលើបញ្ហាមួយនេះ ដែលកំពុងត្រូវបានមើលឃើញថាមានភាពវិជ្ជមាន ដោយភាគីអន្តរជាតិ។ គណៈរដ្ឋមន្ត្រីលីបង់បានណែនាំឱ្យកងកម្លាំងសន្តិសុខកំណត់អាវុធនៅក្នុងទីក្រុងបេរូត ឱ្យស្ថិតតែក្រោមស្ថាប័នរដ្ឋប៉ុណ្ណោះ ក្នុងន័យព្រមានទៅកាន់ក្រុមប្រដាប់អាវុធហេសបូឡា។
លោក យូសេហ្វ អាអូន បានបង្ហោះនៅលើបណ្តាសង្គមXថា «ដំណោះស្រាយតែមួយគត់ ចំពោះស្ថានភាពដែលកំពុងបន្តនៅក្នុងប្រទេស គឺការសម្រេចឱ្យមានបទឈប់បាញ់ លោកនឹងមិនអនុញ្ញាតឱ្យមានជម្លោះផ្ទៃក្នុងកើតឡើងឡើយ ហើយប្រជាជនគ្រប់រូបត្រូវតែជឿជាក់លើរដ្ឋាភិបាល និងកងកម្លាំងស្របច្បាប់ ព្រោះគ្មានការសង្គ្រោះណាមួយដែលកើតឡើងដោយគ្មានកងកម្លាំងស្របច្បាប់នោះទេ។
គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្រកាសថា ប្រទេសលីបង់មិនត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍នោះទេ តែប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលបាននិយាយថា លីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់ ហើយមេដឹកនាំអន្តរជាតិជាច្រើនក៏បានអំពាវនាវឱ្យរួមបញ្ចូលប្រទេសលីបង់ផងដែរ។
ប្រភព៖ PostKhmer