អ៊ីរ៉ង់ប្រកាសសងសឹក ខណៈអាមេរិករឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួន

អ៊ីរ៉ង់ប្រកាសសងសឹកលើអាមេរិកចំពោះការរឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួន ក្រោយពីលោកត្រាំ បញ្ជាឱ្យបន្តបិទខ្ទប់លើកំពង់ផែរបស់អ៊ីរ៉ង់ ឬច្រកហ័រមូស ដែលជាផ្លូវឆ្លងកាត់ដឹកជញ្ជូន ប្រេងផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ពិភពលោក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃទី១៩ មេសាថា អាមេរិកបានរឹបអូសកប៉ាល់ ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់ដែលបានព្យាយាមបិទផ្លូវទឹក។ ចំណែកយោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទៅលើនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ខណៈដែលនាវានោះកំពុងធ្វើដំណើរ​ទៅកាន់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់។

ការចាប់ឃាត់យកនូវនាវារបស់អ៊ីរ៉ង់នេះកើតឡើងដោយសាររតែសហរដ្ឋអាមេរិក កំពុងបន្តបិទខ្ទប់លើ កំពង់ផែរបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានដកបម្រាម រួចហើយបន្តដាក់ឡើងវិញនូវបម្រាមនៃការបិទខ្ទប់លើ ចរាចរណ៍នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។

ក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គមថា «អាមេរិកមានសិទ្ធកាន់កាប់នាវារបស់ពួកគេទាំងស្រុង ហើយមានសិទ្ធពិនិត្យមើលអ្វីដែល​មាននៅលើនាវា»។

ជាការឆ្លើយតបយោធាអ៊ីរ៉ងបាននិយាយថា នាវានោះបានធ្វើដំណើរមកពីប្រទេសចិន ហើយបានធ្វើការព្រមានថា កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងធ្វើការសងសឹកក្នងពេលឆាប់ៗនេះចំពោះក្រុមប្រដាប់អាវុធរបស់យោធាអាមេរិក។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ក៏បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានបដិសេធការចរចាសន្តិភាពជុំថ្មី ដោយលើកឡើងពីការបិទខ្ទប់ដែលកំពុងបន្ត ការគំរាមកំហែង និងការផ្លាស់ប្តូរគោលជំហររបស់ ទីក្រុងវ៉ាស៊ីនតោន និងការទាមទារលើសកម្រិតរបស់សហរដ្ឋអាមេរិក។

គួររំឭកថា កន្លងមកលោកត្រាំបានគំរាមថា អាមេរិកនឹងបំផ្លាញស្ពាន និងរោងចក្រថាមពលទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធលក្ខខណ្ឌរបស់លោក ប៉ុន្តែ អ៊ីរ៉ង់បានធ្វើការ​ឆ្លើយតបនាពេលថ្មីៗនេះថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារ​លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន នោះអ៊ីរ៉ង់នឹងវាយប្រហារលើរោងចក្រថាមពល និងរោងចក្របំលែងទឹកសមុទ្រទៅជាទឹកស្អាតរបស់ ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រវិញ។

 

ប្រភព៖ PostKhmer

Comments (0)
Add Comment