លោក អានុទីន ព្រមានថា ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមិនត្រូវប៉ះពាល់ដល់ប្រទេសថៃទេ

លោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានសម្តែងការព្រួយបារម្ភ​ចំពោះប្រជាជនថៃតាម​បណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយព្រមានថា ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា មិនត្រូវប៉ះពាល់ ឬរាលដាលដល់ប្រទេសថៃឡើយ។

បើតាមសារព័ត៌មានថៃ Khaosod English បានចុះផ្សាយថា ថ្លែងនៅក្រសួងមហាផ្ទៃ វេលាម៉ោង ១០:១០ព្រឹក ថ្ងៃពុធទី ២២ មេសានេះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ឆាន់វីរៈគុលលើកឡើងថា លោកមានការព្រួយបារម្ភអំពីស្ថានភាពគ្រប់ទិដ្ឋភាពទាំងអស់ នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែរថៃបានសេចក្តីណែនាំជាច្រើន ស្តីពីការគ្រប់គ្រងសន្តិសុខព្រំដែន ចំពេលមានការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅពេលសួរអំពីប្រជាជនថៃដែលរងផលប៉ះពាល់ដោយការទម្លាក់គ្រាប់បែកនៅលើដីថៃ លោក អនុទីន បាននិយាយថា អាជ្ញាធរកំពុងឆ្លើយតបតាមរយៈគ្រប់មធ្យោបាយដែលមាន រួមទាំងការចូលរួមការទូត និងវិធានការដើម្បីធានាសុវត្ថិភាពសាធារណៈ។

លោកបាននិយាយថា អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះគឺជាផ្នែកមួយ​នៃការប្រយុទ្ធគ្នាផ្ទៃក្នុង មិនមែនជាការរំលោភបំពានដោយចេតនាលើទឹកដីថៃទេ ប៉ុន្តែ លោក មិនទទួលយករឿងនេះទេ ប្រសិនបើមានការប្រយុទ្ធគ្នា វាត្រូវតែនៅខាងទឹកដីមីយ៉ាន់ម៉ា  ប្រទេសថៃមិនត្រូវរងផលប៉ះពាល់ទេ។

ដោយឡែក នៅថ្ងៃទី២០ ខែមេសា វេលាម៉ោង ១១:០០ កងទ័ពអាកាសមីយ៉ាន់ម៉ាបានដាក់ពង្រាយ​យន្តហោះចម្បាំង Yak-130 និង MiG-29 ដើម្បីធ្វើការវាយប្រហារតាមអាកាសនៅជិតមន្ទីរពេទ្យ​ដែលដំណើរការដោយសហភាពជាតិការ៉ែន (KNU) និងផ្ទះជនស៊ីវិលនៅក្បែរនោះនៅក្នុងទីប្រជុំជន Hpapun រដ្ឋការ៉ែន ចម្ងាយប្រហែល ៥០០ ម៉ែត្រពីព្រំដែនថៃ។

គ្រាប់បែកមួយគ្រាប់បានធ្លាក់ឆ្លងកាត់ព្រំដែនក្នុងប្រទេសថៃតាមបណ្តោយទន្លេ Salween ជិត Ban Mae Waen ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនថៃ ដែលបានរត់គេចខ្លួនចេញ​ពីតំបន់នោះដោយការភ័យខ្លាច៕

 

ប្រភព៖ PostKhmer

Comments (0)
Add Comment