តុលាការកូរ៉េខាងត្បូងបង្គាប់ឲ្យកូរ៉េខាងជើងសងជំងឺចិត្តជាង៣២លានដុល្លារ ជុំវិញការវាយកម្ទេចការិយាល័យទំនាក់ទំនង

តុលាការក្រុងសេអ៊ូល បានសម្រេចបង្គាប់ឱ្យរដ្ឋាភិបាលកូរ៉េខាងជើងសងប្រាក់ជំងឺចិត្តចំនួន ៤៤,៦ពាន់លានវ៉ុន (ស្មើនឹងប្រហែល ៣២,៥ លានដុល្លារអាមេរិក) មកកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការវាយកម្ទេចអគារការិយាល័យទំនាក់ទំនងអន្តររដ្ឋ កាលពីឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap។
អគារការិយាល័យទំនាក់ទំនងរួម Kaesong ត្រូវបានសាងសង់ឡើងក្នុងតំបន់ឧស្សាហកម្ម Kaesong ក្រោម «សេចក្តីប្រកាស Panmunjom» ដែលចុះហត្ថលេខាដោយលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កាលពីខែមេសា ឆ្នាំ២០១៨។
អគារនេះដើរតួជាស្ថានទូតរួម និងជាបណ្តាញទំនាក់ទំនងផ្ទាល់រវាងប្រទេសទាំងពីរ ដោយមានមន្ត្រីរាប់សិបនាក់បំពេញការងារ និងមានការចេញចូលទស្សនកិច្ចជាប្រចាំ។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរបានធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវជាប់គាំង រួមទាំងបញ្ហាសកម្មជនកូរ៉េខាងត្បូងទម្លាក់ខិតប័ណ្ណឆ្លងដែន។ ជាការឆ្លើយតប កូរ៉េខាងជើងបានសម្រេចចិត្តវាយកម្ទេចការិយាល័យនេះចោលកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយអះអាងថាទីតាំងនោះលែងមានប្រយោជន៍។បណ្តឹងទាមទារសំណងនេះ ត្រូវបានដាក់ស្នើឡើងដំបូងក្នុងឆ្នាំ២០២៣ ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី Yoon Suk-yeol ដែលមានជំហរម៉ឺងម៉ាត់ចំពោះកូរ៉េខាងជើង។ គួររំលឹកផងដែរថា នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ពាក្យប្តឹងនិងទាមទារសំណងដោយផ្ទាល់ពីកូរ៉េខាងជើងតាមផ្លូវតុលាការ៕13:46