សហរដ្ឋអាមេរិកបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ដើម្បីសងសឹក និង ធ្វើឱ្យជម្លោះក្នុងតំបន់កាន់តែស្មុគស្មាញ

បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារដោយមីស៊ីលបាលីស្ទិកពីសំណាក់អ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅហ្ស៊កដានី និងលើនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz កងទ័ពអាមេរិកបានបើកការវាយប្រហារសងសឹកយ៉ាងធ្ងន់ធ្ងររយៈពេលមួយម៉ោង ទៅលើគោលដៅរាប់សិបកន្លែងរបស់កងកម្លាំង IRGC នៅទូទាំងប្រទេសអ៊ីរ៉ង់ រួមមានមជ្ឈមណ្ឌលបញ្ជាការដ្ឋាន និងទីតាំងមីស៊ីល ដ្រូន និងប្រព័ន្ធការពារឆ្នេរ ព្រមទាំងតំបន់សម្បូរប្រេងដូចជា Qeshm និង Abadan ជាដើម ។

 

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មានស៊ីវិល ៣ នាក់បានស្លាប់នៅកោះ Qeshm ខណៈដែលប្រព័ន្ធការពារអាកាសនៅប្រទេសហ្ស៊កដានីបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលតម្រង់មកទឹករដីខ្លួន។ ការកើនឡើងកម្ដៅនេះបានបញ្ចប់ការផ្អាកការវាយប្រហារមួយរយៈពេលខ្លី ដែលកាលណោះមានការខិតខំប្រឹងប្រែងចរចាការទូត ហើយវាបានធ្វើឱ្យជម្លោះដែលបានចាប់ផ្តើមតាំងពីខែកុម្ភៈមកនោះ ឆាបឆេះឡើងវិញរហូតឈានចូលដល់ខែទីប្រាំ។ លើសពីនេះ ជម្លោះក្នុងតំបន់បានរីករាលដាលកាន់តែធំ រួមទាំងមានការវាយប្រហាររួមគ្នារវាងអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត លើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឱ្យសមាជិកប្រដាប់អាវុធយ៉ាងហោចណាស់ ២០ នាក់ស្លាប់បាត់បង់ជីវិត ។

 

ការវាយប្រហារនេះបានរងការថ្កោលទោសយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ីរ៉ាក់ ជុំវិញការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ទោះបីជាមានរាយការណ៍ថា ថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីតកំពុងជំរុញឱ្យមានការកាត់បន្ថយកម្ដៅនៅពីក្រោយឆាកក៏ដោយ ៕