ក្រសួងការពារជាតិអាមេរិកតម្រូវឱ្យយោធាអាមេរិកតេស្តអ័រម៉ូនភេទបុរសប្រចាំឆ្នាំជាកំហិត

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសពីគោលនយោបាយថ្មីមួយ ដោយតម្រូវឱ្យយោធាអាមេរិកទាំងអស់មានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ ត្រូវឆ្លងកាត់ការពិនិត្យសុខភាពប្រចាំឆ្នាំជាកំហិត ដើម្បីរកមើលបញ្ហាកង្វះ អ័រម៉ូនតេស្តូស្តេរ៉ូន (Testosterone) ខណៈដែលការពិនិត្យនេះនឹងនៅតែជាជម្រើសស្ម័គ្រចិត្តសម្រាប់អ្នកដែលមានអាយុក្រោម ៣០ ឆ្នាំ ។

 

កម្មវិធីនេះមានគោលបំណងធានាឱ្យកងទ័ពរក្សាបាននូវកម្លាំងថាមពលដ៏ល្អប្រសើរ និងភាពធន់មាំក្នុងរយៈពេលវែង ដោយផ្តល់ជូននូវការព្យាបាលជំនួសអ័រម៉ូនដោយស្ម័គ្រចិត្ត ចំពោះអ្នកណាដែលត្រូវបានរកឃើញថាមានកម្រិតអ័រម៉ូននេះទាប។ ទោះបីជាលោក Hegseth បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះផ្តោតលើសុខភាពស្របច្បាប់ ជាជាងការបង្កើនសាច់ដុំដោយសិប្បនិម្មិតដែលត្រូវបានហាមឃាត់ក៏ដោយ ក៏មន្ទីរបញ្ចកោណ (Pentagon) បានបដិសេធមិនបំភ្លឺថា តើការពិនិត្យនេះនឹងត្រូវអនុវត្តចំពោះបុគ្គលិកយោធាជាស្ត្រីដែរឬយ៉ាងណានោះទេ​ ។

ចំណាត់ការនេះបានទាក់ទាញប្រតិកម្មនយោបាយចម្រុះ ដោយសមាជិកសភាខ្លះបានជំរុញឱ្យមានការធ្វើតេស្តអ័រម៉ូនរួមបញ្ចូលទាំងបុរសនិងស្ត្រី ខណៈដែលអ្នករិះគន់ខ្លះទៀតបានទាត់ចោលរឿងនេះថាជាការឈ្លក់វង្វេងនឹងសង្រ្គាមវប្បធម៌។ តាមទស្សនៈវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិត Mohit Khera បានកត់សម្គាល់ថា ការព្យាបាលកង្វះអ័រម៉ូននេះ អាចជួយបង្កើនម៉ាសសាច់ដុំ ថាមពល និងដង់ស៊ីតេឆ្អឹងសម្រាប់ការត្រៀមខ្លួនប្រយុទ្ធ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា ការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូននេះ អាចនាំឱ្យមានហានិភ័យនៃការគ្មានកូនចំពោះបុរសវ័យក្មេង និង បញ្ហាប្រព័ន្ធបេះដូងសរសៃឈាមផងដែរ ។

សេចក្តីណែនាំផ្នែកយោធានេះ បានឆ្លុះបញ្ចាំងពីការរុញច្រានកាន់តែទូលំទូលាយរបស់រដ្ឋបាលអាមេរិក ក្នុងការកាត់បន្ថយរបាំងនៃការចេញវេជ្ជបញ្ជាសម្រាប់អ័រម៉ូនតេស្តូស្តេរ៉ូន ដែលស្របពេលជាមួយនឹងសំណើថ្មីៗរបស់ទីភ្នាក់ងារ FDA ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងលើផលិតផលអ័រម៉ូនទាំងនេះ ៕