សេតវិមានបង្កើតមជ្ឈមណ្ឌល AI ថ្មី ដើម្បីពង្រឹងសន្តិសុខសាយប័រលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

សេតវិមានបានបង្កើតមជ្ឈមណ្ឌលព័ត៌មានសន្តិសុខសាយប័រ AI ថ្មីមួយឈ្មោះថា Gold Eagle ដើម្បីសម្របសម្រួលកិច្ចការពារសន្តិសុខសាយប័រនៅទូទាំងតំបន់សំខាន់ៗរបស់អាមេរិក ដូចជា ធនាគារ និងសេវាប្រើប្រាស់សាធារណៈ (អគ្គិសនី និងទឹក) ជាដើម។

 

វេទិកានេះជាគម្រោងរួមគ្នារវាងក្រសួងរតនាគារ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងការពារជាតិ (ប៉ង់តាហ្គោន) ដែលអនុញ្ញាតឱ្យវិស្វកររដ្ឋាភិបាល និងវិស័យឯកជនអាចសហការគ្នា ពិនិត្យផ្ទៀងផ្ទាត់ និងដោះស្រាយចំណុចខ្សោយនានារបស់ប្រព័ន្ធ។ គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងម៉ូដែល AI កម្រិតខ្ពស់ ដែលមានសមត្ថភាពអាចស្វែងរកចំណុចខ្សោយរបស់កម្មវិធីកុំព្យូទ័រក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដូចនេះហើយទើបគេត្រូវការកិច្ចខិតខំប្រឹងប្រែងរួមមួយ ដើម្បីការពារកុំឱ្យខាតបង់ធនធានក្នុងការពិនិត្យ ឬដោះស្រាយចំណុចខ្សោយដដែលៗ។ គោលដៅចម្បងមួយនៃគម្រោងនេះ គឺការការពារកម្មវិធីកូដបើកចំហ (Open-source software) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវាយប្រហារ ដោយសារកម្មវិធីទាំងនោះភាគច្រើនគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តដែលខ្វះខាតថវិកា និង ពេលវេលាក្នុងការការពារកូដទាំងនោះឱ្យមានសុវត្ថិភាព។

មជ្ឈមណ្ឌល Gold Eagle នេះ ត្រូវបានបង្កើតឡើងស្របតាមតម្រូវការនៃបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមិថុនា។ ក្រៅពីមជ្ឈមណ្ឌលព័ត៌មាននេះ បទបញ្ជាប្រតិបត្តិក៏បានកំណត់ឱ្យមានក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីមួយ ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅដើមខែសីហា ដោយតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ AI ដាក់ស្នើម៉ូដែលកម្រិតខ្ពស់របស់ខ្លួនទៅរដ្ឋាភិបាលសហព័ន្ធដើម្បីពិនិត្យរហូតដល់ ៣០ ថ្ងៃ មុនពេលបញ្ចេញវាទៅឱ្យដៃគូដែលអាចទុកចិត្តបានប្រើប្រាស់។ វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់នេះ មានគោលបំណងឆ្លើយតបទៅនឹងការអំពាវនាវយ៉ាងខ្លាំងក្លាពីសំណាក់ឧស្សាហកម្ម AI ក្នុងការទាមទារឱ្យមានបទប្បញ្ញត្តិដែលមានសង្គតភាព (ស្តង់ដារតែមួយនិងទៀងទាត់) ជាងមុន ដោយផ្លាស់ប្តូរចេញពីវិធានការបណ្តោះអាសន្ន និងដាច់ដោយដុំកាលពីពេលកន្លងទៅ ដូចជាការហាមឃាត់ការនាំចេញបណ្តោះអាសន្នលើក្រុមហ៊ុន Anthropic និងការស្នើសុំចំគោលដៅឱ្យក្រុមហ៊ុន OpenAI កម្រិតការបញ្ចេញម៉ូដែលរបស់ខ្លួនជាដើម ៕