ស្លាប់មនុស្សជាង ២,៧០០ នាក់នៅទូទាំងប្រទេសអង់គ្លេស និង វែលដោយសាររលកកំដៅ

យោងតាមការស្រាវជ្រាវថ្មីមួយពីមហាវិទ្យាល័យ Imperial College London, ការិយាល័យឧតុនិយម Met Office និងសាលាអនាម័យនិងវេជ្ជសាស្ត្រតំបន់ក្តៅនៃទីក្រុងឡុងដ៍ (London School of Hygiene and Tropical Medicine) បានឱ្យដឹងថា រលកកម្តៅខ្លាំងមិនធ្លាប់មានពីមុនមកនៅក្នុងខែឧសភា និងខែមិថុនា មានការទាក់ទងនឹងការស្លាប់របស់មនុស្សជាង ២,៧០០ នាក់នៅទូទាំងប្រទេសអង់គ្លេស និងវែល ដោយក្នុងនោះមាន ៥៥០ នាក់ក្នុងចុងខែឧសភា និងជិត ២,២០០ នាក់ក្នុងចុងខែមិថុនា។

ក្រុមអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថា រលកកម្តៅដើមរដូវទាំងនេះ ដែលបានធ្វើឱ្យសីតុណ្ហភាពឡើងខ្ពស់ដល់ ៣៥.១ អង្សាសេ ក្នុងខែឧសភា និង ៣៧.៧ អង្សាសេ ក្នុងខែមិថុនា គឺមានកម្រិតក្តៅជាងមុនរហូតដល់ ៤ អង្សាសេ ដោយសារតែការប្រែប្រួលអាកាសធាតុ។ រលកកម្តៅនៅចុងខែមិថុនាទូទាំងទ្វីបនេះ បានរួមចំណែកដល់ការស្លាប់លើសពីកម្រិតធម្មតារហូតដល់ជាង ១០,៦៥០ នាក់ ដែលភាគច្រើនជាមនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ ឆ្លងតាមការព្រមានពីគណៈកម្មាធិការប្រែប្រួលអាកាសធាតុ (CCC) ថា ចក្រភពអង់គ្លេសមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរទាំងនេះទេ រួមទាំងការប៉ាន់ប្រមាណថា ៩២% នៃទីប្រជុំជនមានមនុស្សរស់នៅអាចនឹងក្តៅខ្លាំងនៅត្រឹមឆ្នាំ ២០៥០ ។

ក្រុមអ្នកជំនាញផ្នែកសុខភាពនិងអាកាសធាតុកំពុងជម្រុញឱ្យរដ្ឋាភិបាលកំណត់ដែនកំណត់សីតុណ្ហភាពអតិបរមានៅកន្លែងធ្វើការ និងវិនិយោគលើប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារសាធារណៈ ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) មានគម្រោងនឹងចេញផ្សាយការប៉ាន់ប្រមាណផ្លូវការនៃចំនួនអ្នកស្លាប់នៅក្នុងសប្តាហ៍ខាងមុខនេះ ៕