FIFA មានផែនការបង្កើនចំនួនក្រុមប្រកួតពានរង្វាន់ World Cup ផ្នែកបុរស រហូតដល់ ៦៤ ក្រុម នាពេលអនាគត

ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានប្រកាសថា FIFA មានផែនការក្នុងការបង្កើនចំនួនក្រុមប្រកួតពានរង្វាន់ World Cup ផ្នែកបុរស រហូតដល់ ៦៤ ក្រុម ហើយផែនការនេះនឹងត្រូវយកមកវាយតម្លៃបន្ទាប់ពីបញ្ចប់ការប្រកួតឆ្នាំ ២០២៦ ដោយសារតែមើលឃើញពីភាពជោគជ័យនៃទម្រង់លេង ៤៨ ក្រុម និងបំណងប្រាថ្នាចង់ធ្វើឱ្យព្រឹត្តិការណ៍នេះមានលក្ខណៈសកលពិតប្រាកដ ។ ទោះបីជាលោក Infantino បានលើកឡើងថា ការពង្រីកបន្ថែមនឹងផ្តល់ការលើកទឹកចិត្តដល់ប្រទេសតូចៗឱ្យអភិវឌ្ឍខ្លួន និងផ្តល់ឱកាសឱ្យប្រទេសជាច្រើនចូលរួមកាន់តែទូលំទូលាយ តែរឿងអតីតកាលធ្លាប់បានបង្កឱ្យមានការបែកបាក់មតិគ្នាយ៉ាងខ្លាំងក្នុងចំណោមថ្នាក់ដឹកនាំបាល់ទាត់ មានជាអាថ៍ដូចជា ថ្នាក់ដឹកនាំកំពូលៗមកពីសហព័ន្ធ UEFA, AFC និង Concacaf បានរិះគន់គំនិតនេះយ៉ាងខ្លាំង ដោយព្រមានថាវាអាចបង្កជាភាពវឹកវរ និងខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីបាល់ទាត់ទាំងមូល ក៏ដូចជាដំណើរការជម្រុះផងដែរ។

លើសពីនេះ ការពង្រីកការប្រកួតនេះនឹងតម្រូវឱ្យមានការរៀបចំការប្រកួតរហូតដល់ ១២៨ ប្រកួត និងត្រូវទទួលស្វាគមន៍ប្រទេសជាសមាជិករបស់ FIFA ជិតមួយភាគបីនៃសមាជិកសរុប ២១១ ប្រទេស ដែលនេះនឹងបង្កើតជាឧបសគ្គភស្តុភារដ៏ធំធេងសម្រាប់ប្រទេសម្ចាស់ផ្ទះនាពេលអនាគត ជាពិសេសសម្រាប់ប្រទេសតែមួយគត់ដែលធ្វើជាម្ចាស់ផ្ទះដូចជា អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ ២០៣៤ ជាដើម ទោះយ៉ាងណា និន្នាការចុងក្រោយនេះបានងាកទៅរកធ្វើជាសហម្ចាស់ផ្ទះរួមគ្នាដោយមានប្រទេសច្រើនចូលរួមវិញ ។

ទោះបីជាមានបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងការធ្វើជាម្ចាស់ផ្ទះយ៉ាងណាក៏ដោយ ការពង្រីកខ្លួននេះនៅតែជាឧបករណ៍នយោបាយដ៏មានឥទ្ធិពលមួយក្នុងការទាក់ទាញសម្លេងឆ្នោតគាំទ្រសម្រាប់លោក Infantino ដោយសារលោកសន្យាថានឹងផ្តល់ទាំងបរិយាបន្នជាសកល និង ការកើនឡើងនូវប្រាក់ចំណូលយ៉ាងច្រើនសម្រាប់បែងចែកទៅកាន់សមាគមជាសមាជិកទាំងអស់ ៕