អ៊ុយក្រែនបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយលើរុស្សី

កាលពីថ្ងៃច័ន្ទ ទី៦ ខែកក្កដា យន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៊ី នៅក្នុងទីក្រុង Omsk ភាគកណ្តាលតំបន់ស៊ីបេរី (Siberia) ដែលនេះជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតមួយក្នុងសង្គ្រាមនេះគឺមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ (១,៧០០ ម៉ាយល៍) ពីទឹកដីគ្រប់គ្រងដោយអ៊ុយក្រែន។ អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថាវាបានបង្កជាអគ្គិភ័យតែប៉ុណ្ណោះ ប៉ុន្តែវាមិនបណ្តាលឱ្យមានអ្នករងរបួស ឬ ស្លាប់នោះទេ ។

 

រោងចក្រចម្រាញ់ប្រេង Omsk ដែលគ្រប់គ្រងដោយក្រុមហ៊ុន Gazpromneft បានចម្រាញ់ប្រេងប្រហែល ២៣ លានតោនកាលពីឆ្នាំមុន (ឬប្រហែល ៤៦០,០០០ បារ៉ែលក្នុងមួយថ្ងៃ) ធ្លាប់ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពពីការវាយប្រហាររបស់អ៊ុយក្រែនដោយសារតែវាស្ថិតនៅហួសជួរភ្នំ Ural ។

 

ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ុយក្រែន Fire Point បានអះអាងថា ដ្រូនប្រភេទ FP-1 ដែលត្រូវបានដំឡើងជំនាន់ថ្មីរបស់ខ្លួន ជាអ្នកធ្វើការវាយប្រហារនេះ និងបានបំបែកកំណត់ត្រាពិភពលោកសម្រាប់រយៈចម្ងាយនៃការវាយប្រហារដោយដ្រូន។

 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិពណ៌នាថា ការវាយប្រហារនេះគឺជា សមិទ្ធផលដ៏សំខាន់មួយដោយលើកឡើងថា ពេលនេះសូម្បីតែតំបន់ស៊ីបេរីក៏ស្ថិតនៅក្នុងរង្វាស់កាំនៃការវាយប្រហារចំគោលដៅរបស់អ៊ុយក្រែនដែរ។ ការវាយប្រហារនេះបានរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការដោះស្រាយវិបត្តិប្រេងក្នុងស្រុក ដែលកំពុងតែធ្ងន់ធ្ងរស្រាប់ដោយសារយុទ្ធនាការវាយប្រហារបន្តបន្ទាប់របស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងនានា។

 

កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារលើកំពង់ផែប្រេងសមុទ្រ Baltic ក្នុងក្រុង Ust-Luga និង Vysotsk ព្រមទាំងគោលដៅនានានៅក្នុងតំបន់ Kaluga និង Yaroslavl ផងដែរ ។

 

ការវាយប្រហារលើកំពង់ផែ Kerch ក្នុងតំបន់គ្រីមៀ (Crimea) បានសម្លាប់ស្ត្រីម្នាក់ ហើយការវាយប្រហារដាច់ដោយឡែកមួយទៀតបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង Sevastopol ៕