អតីតពីឡុតរបស់ Air Canada ម្នាក់ បើកយន្តហោះ ១៧ ឆ្នាំដោយអត់មានអាជ្ញាប័ណ្ណត្រឹមត្រូវ

អតីតពីឡុត (អ្នកបើកបរយន្តហោះ) របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada ម្នាក់ឈ្មោះ Geoffrey Wall អាយុ ៥៩ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបន្លំអាជ្ញាប័ណ្ណ បន្ទាប់ពីបានបើកបរយន្តហោះដឹកអ្នកដំណើររាប់ពាន់នាក់ក្នុងរយៈពេល ១៧ ឆ្នាំ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ទោះបីជាលោក Wall បានធ្វើការងារនៅក្រុមហ៊ុនអាកាសចរណ៍នេះតាំងពីឆ្នាំ ១៩៩៨ និងមានអាជ្ញាប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្មស្របច្បាប់ក៏ដោយ ប៉ុន្តែលោកត្រូវបានចោទប្រកាន់ថាបានក្លែងបន្លំ អាជ្ញាប័ណ្ណពីឡុតដឹកជញ្ជូនតាមក្រុមហ៊ុនអាកាសចរណ៍ (ATPL) ដែលជាលក្ខខណ្ឌតម្រូវដើម្បីឡើងកាន់តំណែងជាប្រធានក្រុម (Captain) ដែលលោកទទួលបានតំណែងនេះតាំងពីឆ្នាំ ២០០៩ ។

 

ឯកសារក្លែងបន្លំនេះត្រូវបានរកឃើញអំឡុងពេលការវាយតម្លៃជាប្រចាំកាលពីឆ្នាំមុន ហើយក្រុមហ៊ុន Air Canada បានបញ្ឈប់លោក Wall ពីការងារភ្លាមៗ និងបានរាយការណ៍រឿងនេះទៅកាន់ក្រសួងដឹកជញ្ជូនកាណាដា (Transport Canada) ដែលឈានទៅដល់ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌដោយប៉ូលិសតំបន់ Peel ។ លោក Wall ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី ១ ខែមិថុនា ពីបទល្មើសសរុបចំនួន ៧ ករណី រួមមាន៖ បទឆបោក ការក្លែងបន្លំឯកសារ និងការកាន់កាប់ត្រាក្លែងក្លាយ ។

 

ទោះបីជាមានការបន្លំដ៏ធ្ងន់ធ្ងរនេះក៏ដោយ ក្រុមហ៊ុន Air Canada បានអះអាងថា សុវត្ថិភាពរបស់អ្នកដំណើរមិនដែលស្ថិតក្នុងហានិភ័យនោះទេ ដោយសង្កត់ធ្ងន់ថា លោក Wall ទទួលបានការបណ្តុះបណ្តាលពេញលេញ និងបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពជាកំហិតរៀងរាល់ ៦ ខែម្តង។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានធ្វើការសវនកម្ម (ពិនិត្យឡើងវិញ) លើពីឡុតផ្សេងទៀតទាំងអស់ ហើយបានបញ្ជាក់ថាគ្មានបញ្ហាមិនប្រក្រតីណាមួយផ្សេងទៀតឡើយ។ នៅពេលសួរថាហេតុអ្វីបានជាការបន្លំរបស់លោក Wall អាចលាក់បាំងបានរាប់សិបឆ្នាំ ប៉ូលិសបានកត់សម្គាល់ថា ជនល្មើសដែលមានជំនាញគឺពូកែខាងភូតភរ និងបោកប្រាស់ក្នុងរយៈពេលវែងខ្លាំងណាស់ ៕

ប្រភព៖ BBC

Comments (0)
Add Comment