នាយករដ្ឋមន្ត្រី និង ប្រធានាធិបតីប្រទេសឆេកកំពុងខ្វែងគំនិតគ្នារឿងផែនការកាត់បន្ថយការចំណាយយោធា

នាយករដ្ឋមន្ត្រីឆេក លោក Andrej Babiš បានថ្លែងថា ប្រទេសឆេក ប្រហែលជានឹងខកខានមិនបានសម្រេចគោលដៅចំណាយលើវិស័យយោធាឱ្យបាន ២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ណាតូ (NATO) នៅក្នុងឆ្នាំនេះទេ ដោយសារតែបញ្ហាឱនភាពថវិកាដែលបន្សល់ទុកពីអ្នកកាន់តំណែងមុន ។

 

ប្រធានាធិបតីឆេក លោក Petr Pavel បានរិះគន់រដ្ឋាភិបាលរបស់លោក Babiš ជាចំហ ចំពោះផែនការកាត់បន្ថយការចំណាយលើវិស័យការពារជាតិនៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៦ ដោយព្រមានថា ការធ្វើបែបនេះមិនស្របទៅនឹងការគំរាមកំហែងសន្តិសុខដែលកំពុងកើនឡើង និង ការប្តេជ្ញាចិត្តចំណាយរបស់ណាតូនោះទេ ។

 

ទោះបីជាលោក Babiš បាននិយាយថា ប្រទេសរបស់លោកប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅរយៈពេលវែងរបស់ណាតូគឺ ៣,៥% នៃ GDP នៅឆ្នាំ ២០៣៥ ក៏ដោយ ក៏លោកបានវែកញែកថា សម្ព័ន្ធមិត្តណាតូគួរតែផ្តោតសំខាន់លើការបង្កើនសមត្ថភាពយោធាពិតប្រាកដ ជាជាងការផ្តោតលើតួលេខគោលដៅចំណាយដែលអាចកែខៃបាន ។

 

ការរខកខានមិនបានសម្រេចគោលដៅនេះ បានកើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការទាមទារជាយូរមកហើយពីប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកមានផែនការកាត់បន្ថយការផ្តល់កម្លាំងយោធារបស់ខ្លួនក្នុងការជួយសង្គ្រោះបណ្តាប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្ត នៅពេលមានវិបត្តិធំៗណាមួយកើតឡើង ។

 

ដើម្បីបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការផ្លាស់ប្តូរនេះ ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បានប្រកាសនៅក្នុងសន្និសីទសន្តិសុខមួយថា “យុគសម័យដែលសហរដ្ឋអាមេរិកចេញលុយឧបត្ថម្ភលើវិស័យការពារជាតិសម្រាប់ប្រទេសអ្នកមាន ត្រូវបានបញ្ចប់ហើយ” ដោយលោកបានសង្កត់ធ្ងន់ថា អ្វីដែលអាមេរិកត្រូវការគឺ “ដៃគូ មិនមែនប្រទេសក្រោមការគាំពារនោះទេ” ៕

ប្រភព៖ Reuter

Comments (0)
Add Comment