រដ្ឋមន្ត្រីការបរទេសសិង្ហបុរីធ្វើទស្សនកិច្ចជាលើកទី២ នៅកូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោកបណ្ឌិត វីវៀន បាឡាគ្រីស្នាន់ (Dr. Vivian Balakrishnan) បានធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០២៦។ ទស្សនកិច្ចនេះមានគោលបំណងរក្សាទំនាក់ទំនងដោយបើកចំហ និងជំរុញឱ្យមានស្ថិរភាពក្នុងតំបន់ ចំពេលដែលមានភាពមិនប្រាកដប្រជាជាសកល និង ការសាកល្បងមីស៊ីលនាពេលថ្មីៗនេះដោយកូរ៉េខាងជើង ។

 

លោកបណ្ឌិត បាឡាគ្រីស្នាន់ បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង គឺលោកស្រី ឆូ ស៊ុនហ៊ី (Choe Son Hui) និងលោក ចូ យ៉ុងវ៉ុន (Jo Yong Won) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាធម្មនុញ្ញកូរ៉េខាងជើង។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីសន្តិសុខក្នុងតំបន់ ការវិវត្តន៍នយោបាយ និងបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលទើបតែបានប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតកាលពីឆ្នាំ ២០២៥ កន្លងទៅ ។

 

សិង្ហបុរីបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យកូរ៉េខាងជើងចូលរួមក្នុងវេទិកាតំបន់អាស៊ាន (ARF) លើកទី ៣៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល នាថ្ងៃទី ២៣ ខែកក្កដាខាងមុខ។ ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានអវត្តមានពីវេទិកានេះកាលពីឆ្នាំ ២០២៥ ដោយសារប្រទេសម៉ាឡេស៊ី (ដែលជាប្រធានអាស៊ាននាពេលនោះ) មិនបានអញ្ជើញ ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

 

នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកបណ្ឌិត បាឡាគ្រីស្នាន់ ទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកកាលពីឆ្នាំ ២០១៨ មុនពេលមានជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី ។

 

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងារទូទាំងតំបន់អាស៊ីភាគសាន ដោយលោកបណ្ឌិត បាឡាគ្រីស្នាន់ បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំង រួចមក ហើយបន្ទាប់មកលោកបានបន្តដំណើរចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង ៕

ប្រភព៖ Straitstimes

Comments (0)
Add Comment