ការតេស្តសាកល្បងហោះហើរដោយ AI ទទួលបានជោគជ័យ

ក្រុមហ៊ុន Startup Merlin Labs បានធ្វើតេស្តសាកល្បងហោះហើរដោយជោគជ័យនូវប្រព័ន្ធ AI ហៅថា “Merlin Pilot” ដែលអាចបញ្ជាយន្តហោះធុនតូច (Cessna Caravan) ទាំងការហោះឡើង ការចុះចត និង ការទាក់ទងតាមវិទ្យុជាមួយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដោយស្ទើរតែមិនបាច់ជំនួយពីមនុស្ស ។

 

បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាខ្វះខាតពីឡុត (អ្នកបើកបរយន្តហោះ) ជាង ៦០០,០០០ នាក់នៅទូទាំងពិភពលោក កាត់បន្ថយការងារដ៏មមាញឹករបស់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និង កាត់បន្ថយកំហុសឆ្គងរបស់មនុស្ស ដែលជាមូលហេតុបង្កឱ្យមានគ្រោះថ្នាក់យន្តហោះរហូតដល់ ៨០% ។

 

សហជីពពីឡុត និងអ្នកជំនាញនានាបានវែកញែកថា AI គួរតែប្រើសម្រាប់តែជួយ ពីឡុតមនុស្សប៉ុណ្ណោះ មិនមែនជំនួសឡើយ ដោយពួកគេសង្កត់ធ្ងន់ថា វត្តមានពីឡុតជាមនុស្ស ២ នាក់នៅក្នុងកាប៊ីនយន្តហោះនៅតែជាកត្តាសុវត្ថិភាពដ៏សំខាន់បំផុត ។

 

ការហោះហើរពាណិជ្ជកម្មដែលគ្មានពីឡុតមនុស្សទាល់តែសោះ គឺនៅវែងឆ្ងាយទៀត ដោយសារតែត្រូវឆ្លងកាត់បទបញ្ញត្តិដ៏តឹងរ៉ឹងរបស់ FAA (រដ្ឋបាលអាកាសចរណ៍សហព័ន្ធ)។ ទោះជាយ៉ាងណា វិស័យយោធានឹងយកវាមកប្រើប្រាស់មុនគេ ដោយក្រុមហ៊ុន Merlin ទទួលបានកិច្ចសន្យាតម្លៃ ១០០ លានដុល្លារ ជាមួយកងទ័ពអាកាសអាមេរិក ដើម្បីបំពាក់បច្ចេកវិទ្យានេះលើហោះយន្តហោះដឹកទំនិញ C-130 ៕

ប្រភព៖ CNN

Comments (0)
Add Comment