ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥,០០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ ដោយលោកបានភ្ជាប់ការសម្រេចចិត្តនេះដោយផ្ទាល់ទៅនឹងទំនាក់ទំនងដ៏ល្អ និងការគាំទ្ររបស់លោកប្រធានាធិបតីប៉ូឡូញគឺលោក ការ៉ូល ណាវរ៉ុតស្គី (Karol Nawrocki) ។
មន្ត្រីប៉ូឡូញបានបង្ហាញថា ចំណាត់ការនេះគឺគ្រាន់តែជាការរក្សាចំនួនកងទ័ពដែលមានស្រាប់ ជាជាងការបង្កើនកម្លាំងទ្រង់ទ្រាយធំ។ រដ្ឋមន្ត្រីការបរទេស Radosław Sikorski និងរដ្ឋមន្ត្រីការពារជាតិ Władysław Kosiniak-Kamysz បានបញ្ជាក់ថា ចំណាត់ការរបស់លោក ត្រាំ ធានាថាប៉ូឡូញនឹងរក្សាវត្តមានកងទ័ពអាមេរិកក្នុងកម្រិតបច្ចុប្បន្ន ពោលគឺប្រហែល ១០,០០0 នាក់ដដែល។
ចំណាត់ការនេះបានបង្កើតឱ្យមានភាពមិនច្បាស់លាស់ជុំវិញយុទ្ធសាស្ត្រយោធារបស់អាមេរិកនៅអឺរ៉ុប។ វាបានកើតឡើងបន្ទាប់ពីមានចំណាត់ការផ្ទុយគ្នាមួយចំនួន រួមមានការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកកងទ័ព ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ (បន្ទាប់ពីមានជម្លោះជាមួយអធិការបតី Friedrich Merz ជុំវិញសង្គ្រាមអ៊ីរ៉ង់) និងការលុបចោលភ្លាមៗនូវការផ្លាស់ប្តូរវេនកងទ័ពចំនួន ៥,០០០ នាក់ទៅកាន់អឺរ៉ុបដោយរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ដោយសារការមិនពេញចិត្តដែលប្រទេសនៅអឺរ៉ុបមិនបានចូលរួមចំណែកឱ្យបានគ្រប់គ្រាន់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបន្ធូរបន្ថយភាពតានតឹងនេះ ដោយហៅការកែសម្រួលកងទ័ពថាជាផ្នែកមួយធម្មតានៃការគ្រប់គ្រងការប្តេជ្ញាចិត្តជាសកល។ ចំណែកឯប្រមុខអង្គការ NATO លោក ម៉ាក រុយតេ (Mark Rutte) បានស្វាគមន៍ចំពោះការប្រកាសនេះ ប៉ុន្តែបានកត់សម្គាល់ថា គោលដៅធំរបស់សម្ព័ន្ធភាព គឺធ្វើឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តតែមួយគត់ (អាមេរិក)។
ការលុបចោលការបញ្ជូនកងទ័ពពីមុនរបស់លោក Hegseth បានធ្វើឡើងដោយមិនបានពិគ្រោះយោបល់ជាមួយសភា និង ធ្វើឱ្យសម្ព័ន្ធមិត្តភ្ញាក់ផ្អើលនោះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកសភាបក្សរិប៊្លីកាំងមួយចំនួន ដោយតំណាងរាស្ត្រ Don Bacon បានហៅការផ្លាស់ប្តូរភ្លាមៗនេះថាជារឿងគួរឱ្យអាម៉ាស់ និង មិនអាចទទួលយកបាន ៕
ប្រភព៖ CNN