អ្នកវិទ្យាសាស្ត្របានរកឃើញសម្ភារៈហ្សែន (RNA) នៃវីរុសហានតា (Hantavirus) ប្រភេទអង់ដេស (Andes strain) ដែលជាប្រភេទវីរុសកម្រ នៅក្នុងទឹកកាមរបស់អ្នកជំងឺបានជាសះស្បើយម្នាក់ ក្នុងរយៈពេលជិត ៦ ឆ្នាំក្រោយការឆ្លង ។
ការលេចវត្តមាននៃវីរុស RNA នេះ មិនមែនមានន័យថាវីរុសនោះកំពុងមានសកម្មភាព អាចចម្លងរោគ ឬធ្វើឱ្យបុគ្គលនោះក្លាយជាអ្នកចម្លងជំងឺនោះទេ ការចម្លងតាមផ្លូវភេទក្នុងរយៈពេលវែងក្រោយពីជាសះស្បើយ គឺមិនទាន់ត្រូវបានគេបញ្ជាក់ថាមានពិតមែននោះឡើយ ។
វីរុសហានតាភាគច្រើនឆ្លងតាមរយៈការប៉ះពាល់ជាមួយលាមក ទឹកនោម ឬទឹកមាត់របស់សត្វកណ្តុរដែលមានផ្ទុកមេរោគ វីរុសប្រភេទអង់ដេសនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមានការសង្ស័យថាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងកម្រិតមានកំណត់។ ការរកឃើញនេះបង្ហាញថា ផ្នែកខ្លះនៃរាងកាយ ដូចជាប្រព័ន្ធបន្តពូជ អាចជាកន្លែងផ្ទុកវីរុស ដែលធ្វើឱ្យកម្ទេចកម្ទីហ្សែនរបស់វាអាចស្ថិតនៅបានយូរ (ស្រដៀងគ្នាទៅនឹងវីរុសអេបូឡា (Ebola) និងហ្ស៊ីកា (Zika) ដែរ) ។
អ្នកជំនាញបានព្រមានថា គេត្រូវការភស្តុតាងបន្ថែមទៀត មុននឹងទាញសន្និដ្ឋានអំពីហានិភ័យនៃការចម្លងមេរោគក្នុងរយៈពេលវែង ដោយសង្កត់ធ្ងន់ថាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គ្រាន់តែជាជំហានដំបូងឈានទៅរកការស្វែងយល់ផ្នែកវិទ្យាសាស្ត្រពិតប្រាកដតែប៉ុណ្ណោះ ៕
ប្រភព៖ Tech X