មានខ្មាន់កាំភ្លើងបាញ់ប្រហារនៅខាងក្រៅប៉ុស្តិ៍ត្រួតពិនិត្យនៃសេតវិមាន ពេលប្រធានាធិបតីនៅក្បែកន្លែងកើតហេតុ

0 4

កាលពីល្ងាចថ្ងៃសៅរ៍ វេលាម៉ោងប្រហែល ៦:០០ ល្ងាច មានខ្មាន់កាំភ្លើងម្នាក់បានដកកាំភ្លើងចេញពីកាបូប រួចបើកការបាញ់ប្រហារនៅខាងក្រៅប៉ុស្តិ៍ត្រួតពិនិត្យនៃសេតវិមាន (White House) ជិតផ្លូវលេខ ១៧ និងមហាវិថី Pennsylvania។ ភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) បានបាញ់តបតវិញ បណ្តាលឱ្យខ្មាន់កាំភ្លើងនោះស្លាប់ ។

 

ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ Nasire Best អាយុ ២១ ឆ្នាំ ដោយបានប្រើប្រាស់កាំភ្លើងខ្លីប្រភេទវិល Revolver ។ ជននេះត្រូវបានសមត្ថកិច្ចស្គាល់មុខ មានប្រវត្តិជំងឺផ្លូវចិត្ត និង ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីខែកក្កដា ឆ្នាំ ២០២៥ ពីបទព្យាយាមចូលទៅក្នុងសេតវិមាន ។

 

ជនសង្ស័យត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ មានអ្នកដំណើរឆ្លងកាត់ម្នាក់បានរងរបួស ប៉ុន្តែមិនមានភ្នាក់ងារសម្ងាត់ណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះទេ ។

 

ប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិតនៅក្នុងសេតវិមាននៅពេលកើតហេតុ ប៉ុន្តែខាងភ្នាក់ងារសម្ងាត់បានបញ្ជាក់ថា មិនមានការប៉ះពាល់ដល់សុវត្ថិភាពបុគ្គល ឬ ប្រតិបត្តិការណាមួយឡើយ។ ក្រុមអ្នកសារព័ត៌មានដែលនៅលើវាលស្មៅខាងជើងត្រូវបានជម្លៀសចូលទៅក្នុងបន្ទប់សន្និសីទកាសែត និង ត្រូវបានបិទខ្ទប់នៅក្នុងនោះរយៈពេលប្រហែល ៣០ នាទី ។

 

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់ភ្នាក់ងារសម្ងាត់នៅលើបណ្តាញសង្គមចំពោះចំណាត់ការដ៏រហ័សរបស់ពួកគេ និង បានឆ្លៀតលើកឡើងពីហេតុការណ៍នេះដើម្បីបញ្ជាក់ពីសារៈសំខាន់នៃគម្រោងសាងសង់សាលពិធីជប់លៀងដែលមានសុវត្ថិភាពនៅក្នុងសេតវិមាន។ ចំណែកឯថ្នាក់ដឹកនាំសភាក៏បានកោតសរសើរចំពោះការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ភ្នាក់ងារសម្ងាត់ផងដែរ ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.