ប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មេដឹកនាំចិន លោក ស៊ី ជីនភីង បានបន្តរៀបចំពិធីទទួលស្វាគមន៍យ៉ាងឱឡារិកជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងទីក្រុងប៉េកាំង ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានលើកឡើងថា ទស្សនកិច្ចផ្លូវរដ្ឋដ៏កៀកគ្នានេះ គឺជាភស្តុតាងបង្ហាញថា ចិនកំពុងលេចធ្លោឡើងយ៉ាងលឿនក្នុងនាមជា “មជ្ឈមណ្ឌលនៃការទូតពិភពលោក” និងជាមេដឹកនាំពិភពលោកមួយ ។
ដោយសារតែការមិនទុកចិត្តរួមគ្នាលើទីក្រុងវ៉ាស៊ីនតោន លោក ស៊ី និងលោក ពូទីន កំពុងប្រើប្រាស់ទស្សនកិច្ចនេះដើម្បីជំរុញចក្ខុវិស័យរួមមួយគឺ ពិភពលោកមិនត្រូវបានគ្របដណ្តប់ដោយអំណាចអាមេរិក ឬ ប្រព័ន្ធសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ ពោលគឺពិភពលោកត្រូវមានពហុប៉ូល ។
នេះគឺជាទស្សនកិច្ចលើកទី ២៥ របស់លោក ពូទីន មកកាន់ប្រទេសចិន ក្នងរយៈពេលជាងពីរទសវត្សរ៍នៃការកាន់អំណាចរបស់លោកដែលនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព “មិនអាចរំលាយបាន” និងកម្រិតនៃកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកទាំងលើវិស័យពាណិជ្ជកម្ម សន្តិសុខ និងការទូត ។
ទាំងទីក្រុងប៉េកាំង និងម៉ូស្គូ កំពុងស្វែងរកវិធីសាស្ត្រឆ្លើយតបចំពោះជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ ដែលបាននិងកំពុងរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។ ទោះបីជាអាមេរិកនិងចិនទើបតែបានឈានដល់ការយល់ស្របមួយចំនួន ក្នុងការរារាំងមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ ប៉ុន្តែទាំងរុស្ស៊ីនិងចិន នៅតែជាដៃគូជិតស្និទ្ធរបស់ទីក្រុងតេហេរ៉ង់ (អ៊ីរ៉ង់) ដដែល ។
ទោះបីជាទីក្រុងតេហេរ៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់ឲ្យចិន និង រុស្ស៊ី ដើរតួជាអ្នកធានាសន្តិសុខក៏ដោយ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា តើប្រទេសទាំងពីរនឹងចូលខ្លួនមកធ្វើជាអ្នកសម្រុះសម្រួលសន្តិភាពជាផ្លូវការដែរឬទេ។ ការដើរតួនាទីនេះអាចនឹងជួយឲ្យពួកគេទទួលបាននូវទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមេដឹកនាំទាំងពីរច្បាស់ជានឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្នបំផុតដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្រ និង ភាពជាដៃគូផ្ទាល់ខ្លួនរបស់ពួកគេ ៕
ប្រភព៖ CNN