តុលាការកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលបានសម្លាប់តារា TikTok វ័យជំទង់នៅប៉ាគីស្ថាន

0 5

តុលាការក្រុងអ៊ីស្លាម៉ាបាដបានសម្រេចផ្ដន្ទាទោសប្រហារជីវិតលើបុរសឈ្មោះ Umar Hayat អាយុ ២៣ ឆ្នាំ ពីបទឃាតកម្មលើតារា TikTok វ័យ ១៧ ឆ្នាំ គឺកញ្ញា Sana Yousaf ។ ក្រៅពីទោសប្រហារជីវិត តុលាការក៏បានបង្គាប់ឱ្យជនល្មើសបង់ប្រាក់ពិន័យ ២,៥ លានរូពី (ប្រហែល ៩,០០០ ដុល្លារអាមេរិក) ជាប្រាក់សំណងដល់គ្រួសារជនរងគ្រោះផងដែរ ។

 

ជនល្មើស Hayat បានសារភាពកំហុស ដោយទទួលស្គាល់ថាខ្លួនមានចិត្តស្រលាញ់ និងវង្វេង (One-sided obsession) លើកញ្ញា Yousaf បន្ទាប់ពីបានទាក់ទងគ្នាតាមបណ្តាញសង្គម។

 

កាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពី Yousaf បានបដិសេធការសុំស្រលាញ់ជាច្រើនលើកច្រើនសារ ជនល្មើស Hayat បានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ រួចលួចចូលទៅក្នុងផ្ទះរបស់នាង ហើយបានបាញ់សម្លាប់នាងបន្ទាប់ពីមានជម្លោះពាក្យសម្តី ។

 

គួរបញ្ជាក់ថា កញ្ញា Yousaf គឺជាអ្នកបង្កើតមាតិកា (Content Creator) ដ៏មានប្រជាប្រិយភាពដែលមានអ្នកតាមដានជាង ១ លាននាក់នៅលើ TikTok ដែលល្បីល្បាញតាមរយៈវីដេអូបែបកម្សាន្ត ម៉ូដសម្លៀកបំពាក់ និងរបៀបរស់នៅប្រចាំថ្ងៃ ។

 

អំពើឃាតកម្មនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងទូទាំងប្រទេស និងបានឆ្លុះបញ្ចាំងពីអំពើហិង្សាលើស្ត្រីកំពុងកើតមានឡើងជាដដែលៗនៅក្នុងប្រទេសប៉ាគីស្ថាន។ សកម្មជនសិទ្ធិមនុស្ស និងសិទ្ធិឌីជីថល បានថ្កោលទោសការរិះគន់ទាំងនោះថាជា “ការស្អប់ខ្ពើមស្ត្រី” និងជា “ផ្នត់គំនិតបុរសជាធំ” ព្រមទាំងបានព្រមានថា បណ្តាញសង្គមបានក្លាយជាកន្លែងដ៏គ្រោះថ្នាក់ និងមានការគំរាមកំហែងខ្លាំងសម្រាប់ស្ត្រីដែលបង្កើតមាតិកានៅក្នុងប្រទេសប៉ាគីស្ថាន ៕

ប្រភព៖ BBC

 

 

 

Leave A Reply

Your email address will not be published.