វិធានការមុតស្រួចដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញទាក់ទងនឹងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច គឺបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសេដ្ឋកិច្ចសកលដែលមាននាពេលបច្ចុប្បន្ន។
នេះជាការអះអាងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានរៀបចំធ្វើនៅសាលាជាតិគយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូប។
ជាការចាប់ផ្តើមលោក គុណ ញឹម បាននិយាយថា ការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលនេះ គឺមានលក្ខណៈមោះមុត ម៉ឺងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច ដើម្បីសំដៅដោះស្រាយនូវបញ្ហាប្រឈម និងបាតុភាពអសកម្មរាំរ៉ៃនានាដែលកើតមានឡើងនាពេលកន្លងមក។
លោកបានថ្លែងថា៖«ការដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺជាការចាំបាច់បំផុតនៅពេលដែលកម្ពុជាបាននិងកំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ចនោះ គឺព្យុះសង្ឃរា ៣ ផ្ទួនគ្នា : ១.សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ, ២. យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam, និង ៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរដោយសារសង្គ្រាមនៅទីនោះ»។
បន្ថែមពីលើនេះ លោកក៏លើកឡើងពីវិធានការជាគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជាការគិតគូរ និងឆ្លើយតបនឹងវិបត្តិក្នុងគោលបំណងជួយសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋកម្ពុជាក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលដែលវិធានការទាំងនោះរួមមាន ការបញ្ចុះពន្ធនិងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួន និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ជាដើម។
លោកអះអាងថា៖«តាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០ លានដុល្លារក្នុងមួយខែ»។
លោកប្រាប់ទៀតថា បន្ថែមលើនេះជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក រាជរដ្ឋាភិបាលក៏បានសម្រេចអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា តទៅគឺលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង៕
ប្រភព: PostKhmer