សមាគមឧកញ៉ាកម្ពុជាអមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាលទស្សនកិច្ចក្រុមហ៊ុន BYD នៅប្រទេសចិន

4

ក្វាងទុង៖នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបេសកកម្មទាក់ទាញការវិនិយោគនៅខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន BYD។ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក Wang Chuanfu ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន BYD ដោយមានគោលបំណងស្វែងយល់ពីបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV) និងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ។ គណៈប្រតិភូសិក្សាពីស្ថានីយបញ្ចូលថាមពលល្បឿនលឿនបំផុតរបស់ BYD ដែលអាចសាកថ្មបានក្នុងរយៈពេលត្រឹមតែប្រមាណ ១០នាទី។


កម្ពុជាទទួលបានសិទ្ធិនាំយកបច្ចេកវិទ្យានេះមកដំឡើងជាផ្លូវការ ដោយគ្រោងនឹងដាក់ឱ្យដំណើរការ ១៨ទីតាំង ត្រឹមចុងឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
គណៈប្រតិភូបានទស្សនាការធ្វើតេស្តសាកថ្មក្នុងលក្ខខណ្ឌត្រជាក់ខ្លាំង និងការធ្វើតេស្តសុវត្ថិភាពអាគុយ (Nail Penetration Test) ដែលបញ្ជាក់ពីកម្រិតសុវត្ថិភាពខ្ពស់របស់ BYD។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យ BYD ពង្រីកសមត្ថភាពផលិតកម្មរោងចក្រដំឡើង EV នៅកម្ពុជា បន្ថែមការវិនិយោគលើស្ថានីយសាកថ្ម និងជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជាក្នុងបេសកកម្មនេះគឺជាសក្ខីភាពបញ្ជាក់ពីការគាំទ្រយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការជួយជំរុញយុទ្ធសាស្ត្ររាជរដ្ឋាភិបាលលើ បរិវត្តកម្មបៃតង និងការទាក់ទាញវិនិយោគិនបច្ចេកវិទ្យាអន្តរជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានចីរភាព៕