នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកាណាដាលើគ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
នេះជាការអះអាងរបស់ លោក ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកទី២០ ខែមេសា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោក Christian DesRoches បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសផ្នែកពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដានៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ប្រទេសកាណាដាមានការប្ដេជ្ញាខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
បន្ថែមលើនេះ លោក Christian DesRoches ក៏គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដាក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជាដែលបានផ្ដល់ការគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខានាពេលខាងមុខឆាប់ៗនេះ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ចំពោះលោក Christian DesRoches ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿថា ក្នុងអាណត្តិការទូតរបស់លោក Christian DesRoches ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ នឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសកាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកលើកឡើងទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា(CCC) បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដើម្បីធ្វើជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លោក ម៉ាណែត បានបញ្ជាក់ថា៖«រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ»។
ក្នុងឱកាសនោះភាគីទាំង ២ ក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងប្រទេសកាណាដាបច្ចុប្បន្នមានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា(CCC)ហើយ ដែលការិយាល័យតំណាងនេះមានតួនាទីជួយផ្សព្វផ្សាយផលិតផលកម្ពុជាទៅដល់អតិថិជនកាណាដា និងផ្តល់ព័ត៌មានដើម្បីទាក់ទាញវិនិយោគិនកាណាដាឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាផងដែរ។
លោកប្រាប់ទៀតថា មូលហេតុដែលទំនិញកម្ពុជានាំទៅប្រទេសកាណាដាច្រើន គឺដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញមួយចំនួនទៅទីនោះ។ ភាគច្រើននៃទំនិញកម្ពុជានាំទៅកាណាដា គឺជាផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ចំណែកទំនិញកាណាដា នាំមកកម្ពុជារួមមាន គ្រឿងអេឡិចត្រូនិក និងរថយន្ត ជាដើម។
លោកបានថ្លែងថា៖«កាណាដា គឺជាអតិថិជនធំរបស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ដូច្នេះបើកំណើនសេដ្ឋកិច្ចសកលល្អ ហើយការធ្វើទេសចរណ៍មានច្រើន ការបញ្ជាទិញទំនិញទាំងអស់ប្រាកដជាកើនឡើងថែមទៀត»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងមក ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-កាណាដា មានទឹកប្រាក់សរុប ១,៣៣ ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំនួននេះ គឺកម្ពុជានាំទំនិញទៅកាណាដា ១,២៧ ពាន់លានដុល្លារ កើន ១៤,៦% និងកាណាដានាំចូល ៦៣,៤១ លានដុល្លារ កើនឡើង ១៤%។ ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានចំនួន ២៩៧,០៥ លានដុល្លារ កើន ០,៩% ធៀបត្រីមាសទី១ ឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញ ២៧៧,៧៣ លានដុល្លារ ថយចុះ ១,៦% និងកាណាដានាំចូល ១៩,៣២ លានដុល្លារ កើនឡើង ៥៩,៣%៕