First Light Tours and Travel PTE. LTD. លើក​សរសើរ​ពីសក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

0 2

ក្រុមហ៊ុន​ទេសចរណ៍​​ប្រទេស​សិង្ហបុរី First Light Tours and Travel PTE. LTD. បាន​បង្ហាញ​ការ​ចាប់​​អារម្មណ៍​យ៉ាង​​ខ្លាំង​ចំពោះសក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា (Familiarisation Trip) មក​កាន់​ប្រទេស​កម្ពុជា​​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ First Light Tours and Travel PTE. LTD. បាន​សរសេរ​ថា ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប នា​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​​ទទួល​បាន​នូវ​បទពិសោធ​ល្អ​ៗ​ជា​ច្រើន​ពីប្រទេស​កម្ពុជា ដែលជា​កន្លែង​ដ៏​មានសុវត្ថិភាព និង​ការ​ទទួល​ស្វាគមន៍ដ៏​ល្អ​​សម្រាប់ភ្ញៀវអន្តរជាតិ។

សម្រាប់​ទីក្រុង​សំខាន់​ៗទាំង ៣ ​ដែល​ក្រុមការងារ​របស់ First Light Tours and Travel PTE. LTD. បាន​ធ្វើ​ដំណើរ​ទៅ​​ដល់​គឺ​មាន​លក្ខណៈ​ពិសេស​រៀង​ៗខ្លួន។ រាជធានី​ភ្នំពេញ គឺ​ជា​ទីតាំង​ដែល​បន្តរក្សា​បាន​នូវ​តុល្យភាពរវាងបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍបែប​ទំនើប ដោយ​មាន​​សណ្ឋាគារអន្តរជាតិធំៗ កន្លែងប្រជុំ និងតំបន់វប្បធម៌ជា​ច្រើន​ដូចជា ព្រះបរមរាជវាំង និងសារមន្ទីរជាតិ​ ដែល​ទាំង​នេះ​បាន​ជួយ​ធ្វើឱ្យភ្នំពេញកាន់តែសមស្របសម្រាប់ក្រុមភ្ញៀវភ្ញៀវ​ទេសចរ និង​ធុរជន​ និងដំណើរទស្សនកិច្ចផ្លូវការ។

ចំណែក​ក្រុង​សៀមរាប គឺ​ជា​មជ្ឈមណ្ឌល​វប្បធម៌របស់​កម្ពុជា និងជាទីតាំងរបស់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ លើសពីតំបន់អង្គរ នៅ​ក្រុង​សៀមរាប​​ក៏​មាន​សណ្ឋាគារលំដាប់​ស្តង់ដារ ជាមួយ​នឹង​បទពិសោធនៃ​អាហារ​ដ៏​ឆ្ងាញ់​ និងសេវាទេសចរណ៍គាំទ្រល្អ​ប្រសើរ​។ ក្រុង​សៀមរាបពេល​បច្ចុប្បន្ន​ មិនត្រឹមតែមាន​សក្តានុពល​ខ្ពស់​សម្រាប់អ្នកទេសចរបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែក៏​សម្រាប់ក្រុមសម្រាកកម្សាន្តកម្រិតខ្ពស់ និងកម្មវិធីវប្បធម៌ពិសេសផងដែរ។

ដោយ​ឡែក​សម្រាប់​​ក្រុងព្រះសីហនុ ក៏​បានបង្ហាញពីការផ្លាស់ប្តូរដ៏​ឆាប់​រហ័ស ​ជា​ច្រកសមុទ្រ និង​ជា​ទីក្រុង​ដ៏​ទំនើប​មួយ​ផងដែរ​។ បន្ថែម​ពី​លើ​នេះ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុក៏​មានកោះជា​ច្រើន​ ដែល​ជា​គោដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវ​ចង់សម្រាកលំហែកាយតាមឆ្នេរ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចទូទៅនៅកម្ពុជា។

First Light Tours and Travel PTE. LTD. លើក​ឡើង​ទៀត​ថា៖«​ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់យើង គឺឱកាសក្នុងការស្វែងយល់អំពីម្ហូបខ្មែរពិតប្រាកដ ដែលបានបន្ថែមជម្រៅយ៉ាងសំខាន់ដល់ភាពទាក់ទាញនៃការធ្វើដំណើរ​នៅកម្ពុជា។ ក្នុងអំឡុងពេលនេះ យើងបានភ្លក់ម្ហូបខ្មែរ​ជាច្រើន​ដូចជា អាម៉ុកត្រី សម្លការី​ សម្លកកូរ ដែលជាស៊ុបបន្លែសម្បូរបែប និងត្រូវបានចាត់ទុកថាជាម្ហូបជាតិដ៏ពេញនិយម និងឡុកឡាក់​ដែលជាម្ហូបសាច់គោចៀនជាមួយបន្លែស្រស់ និងទឹកម្រេចក្រូចឆ្មារ។ បទពិសោធអាហារទាំងនេះបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា និងជួយបន្ថែមតម្លៃដល់កម្មវិធីទេសចរណ៍សម្រាកកម្សាន្ត និងកម្មវិធីលើកទឹកចិត្តនានា»។

First Light Tours and Travel PTE. LTD. បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​នេះកម្ពុជាក៏កំពុងក្លាយជាទិសដៅដ៏​មានសក្តានុពលសម្រាប់ទេសចរណ៍វាយកូនគោល​ផងដែរ ដោយ​បច្ចុប្បន្ន​មានទីលានវាយកូនគោល​ស្តង់ដារអន្តរជាតិជាច្រើននៅជិតភ្នំពេញ និងសៀមរាប ដែលសមស្របសម្រាប់ព្រឹត្តិការណ៍ប្រកួត​កីឡា​វាយកូនគោល​។ ការរួមបញ្ចូលគ្នារវាងទីលានគុណភាព កន្លែងទេសចរណ៍វប្បធម៌ និងចម្ងាយធ្វើដំណើរងាយស្រួលរវាងទីក្រុង បង្កើតឱកាសល្អសម្រាប់ដំណើរការ​កីឡា​វាយ​​កូនគោល៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.