ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) បានផ្ញើលិខិតចំហមួយដែលមានប្រវែងជាង ១,៨០០ ពាក្យ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយស្នើឱ្យមានការជួបពិភាក្សាគ្នាដោយផ្ទាល់មុខ នៅប្រទេសអព្យាក្រឹតណាមួយ (ដូចជា ស្វីស ឬតួកគី) ព្រមទាំងស្នើឱ្យមានការឈប់បាញ់ទាំងស្រុងក្នុងអំឡុងពេលចរចា។ លោក ហ្សេឡេនស្គី បានកត់សម្គាល់ថា អ៊ុយក្រែនមិនអាចគ្រាន់តែអង្គុយរង់ចាំឱ្យសហរដ្ឋអាមេរិកងាកមកចាប់អារម្មណ៍លើតំបន់អឺរ៉ុបវិញនោះទេ ដោយសារតែបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតអារម្មណ៍ខ្លាំងលើបញ្ហាប្រទេសអ៊ីរ៉ង់។
លិខិតនោះត្រូវបានពិពណ៌នាថាមានខ្លឹមសារឌឺដង ដល់លោក ពូទីន និងបានលើកឡើងពីការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ុយក្រែនទៅលើទឹកដីរុស្ស៊ី ដូចជាការវាយប្រហារដោយដ្រូននៅជាយក្រុង St. Petersburg)។ លោក ហ្សេឡេនស្គី បានអះអាងថា ប្រជាជនរុស្ស៊ីចាប់ផ្តើមធុញទ្រាន់នឹងសង្គ្រាម ផលប៉ះពាល់សេដ្ឋកិច្ច និងការវាយប្រហារដោយដ្រូនហើយ ។
លោក ពូទីន នៅតែប្រកាន់ជំហរថា រុស្ស៊ីកំពុងឈ្នះសង្គ្រាម ហើយទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីចំនួន ៤ តំបន់ដែលរុស្ស៊ីកំពុងកាន់កាប់ Donetsk, Luhansk, Kherson និង Zaporizhzhia ព្រមទាំងបោះបង់ចោលបំណងចូលរួមជាមួយណាតូ (NATO) ជាងនេះទៅទៀត វិមានក្រឹមឡាំងបានឆ្លើយតបនឹងលិខិតនោះថា លោក ហ្សេឡេនស្គី អាចមកជួបលោក ពូទីន នៅទីក្រុងម៉ូស្គូបាន។
តែទីក្រុងគៀវ (Kyiv) បានបដិសេធដាច់អហង្ការក្នុងការកាត់ទឹកដីឱ្យរុស្ស៊ី ដោយលើកឡើងថា ការធ្វើបែបនោះមានតែផ្តល់ទឹកចិត្តឱ្យរុស្ស៊ីឈ្លានពានបន្ថែមទៀតនៅថ្ងៃអនាគត ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានគាំទ្រគំនិតនៃការជួបគ្នានេះ ដោយថ្លែងថា “ពួកគេគួរតែធ្វើវាឱ្យរួចរាល់” និងបានបង្ហាញថា ភាគីទាំងពីរនឹងត្រូវធ្វើការសម្របសម្រួលលើចំណុចមួយចំនួនដែលមិនទាន់បានបញ្ជាក់។ បើទោះបីជាមានការប៉ុនប៉ងខាងការទូតក៏ដោយ ការវាយប្រហារគ្នានៅតែបន្តកើតមាននៅលើសមរភូមិជាក់ស្តែង ដែលបណ្តាលឱ្យមានមនុស្សស្លាប់ទាំងនៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី (គ្រីមៀ) និងនៅក្នុងប្រទេសអ៊ុយក្រែន (ក្បែរទីក្រុងគៀវ) ៕
ប្រភព៖ BBC