ក្លិប Naegohyang Women’s FC របស់កូរ៉េខាងជើងបានឈ្នះពានរង្វាន់ Asian Champions League ខណៈដែលក្រុមជម្រើសជាតិកូរ៉េខាងជើងអាយុក្រោម ១៧ ឆ្នាំ និងក្រោម ២០ ឆ្នាំ គឺជាម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន ។
សាលាបាល់ទាត់អន្តរជាតិព្យុងយ៉ាង (Pyongyang International Football School) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រោមការណែនាំរបស់លោក គីម ជុងអ៊ុន។ វិទ្យាស្ថានយុវជនវរជននេះធ្វើការស្វែងរក និងបណ្តុះបណ្តាលកុមារដែលមានអាយុចាប់ពី ៧ ដល់ ១៧ ឆ្នាំ ហើយកីឡាការិនីឆ្នើមៗដូចជា Kim Kyong Yong បានឆ្លងកាត់ការបង្ហាត់បង្រៀននៅក្នុងប្រព័ន្ធនេះអស់រយៈពេលជាងមួយទសវត្សរ៍ ។
គ្រូបង្វឹកបរទេសដែលធ្លាប់ធ្វើការជាមួយ ឬធ្លាប់ប្រកួតប្រជែងជាមួយក្រុមនេះ បានពិពណ៌នាអំពីវប្បធម៌របស់ពួកគេគឺ “ហ្វឹកហាត់ និង អនុវត្តតឹងរឹង មិនដែលអាក់ខាន” ។ វិធីសាស្ត្រហ្វឹកហ្វឺនរួមមានការបង្កើនកាយសម្បទាយ៉ាងខ្លាំងក្លាដូចជា ការអៀវមនុស្សលើខ្នងហើយរត់ជាដើម ដើម្បីបង្កើតអត្តពលិកដែលមានស្មារតីវាយលុក និងមានវិន័យខ្ពស់ ។
អ្នកជំនាញខាងក្រៅកត់សម្គាល់ថាកីឡាការិនីទាំងនោះមានកម្លាំងរុញច្រានផ្លូវចិត្តយ៉ាងខ្លាំងក្លា។ ដោយសារតែប្រជាជនភាគច្រើននៅក្នុងប្រទេសប្រឈមនឹងភាពក្រីក្រខ្លាំង ជោគជ័យផ្នែកកីឡាគឺជាឱកាសដ៏កម្រមួយក្នុងការស្វែងរកអនាគតដ៏ល្អប្រសើរសម្រាប់គ្រួសាររបស់ពួកគេ និងទទួលបានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម រួមទាំងការទទួលបានការទទួលស្វាគមន៍ដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ផងដែរ។
ក្រុមបាល់ទាត់នារីឈុតធំរបស់កូរ៉េខាងជើងបានឆ្លងផុតវគ្គជម្រុះសម្រាប់ពានរង្វាន់ Women’s World Cup នៅប្រទេសប្រេស៊ីលរួចហើយ ខណៈពេលដែលក្រុមអ្នកវិភាគកំពុងរង់ចាំមើលថាតើទម្រង់លេងមវិន័យខ្ពស់របស់ពួកគេអាចយកឈ្នះក្នុងក្រុមបាល់ទាត់កម្រិតពិភពលោកបានដែរឬទេ ហើយអ្នកជំនាញរំពឹងថាពួកគេនឹងក្លាយជាក្រុមដ៏គួរឱ្យខ្លាចមួយក្នុងការប្រកួតនាពេលខាងមុខ ៕