អ្នកប្រើប្រាស់ក្នុងក្រុម Gen Z ចំណាយពេលជួបគ្នាផ្ទាល់តិចជាងមុនប្រហែល ១,០០០ ម៉ោងក្នុងមួយឆ្នាំ បើធៀបនឹងយុវជនអាយុ ២០ ឆ្នាំកាលពី ២០ ឆ្នាំមុន ។ កត្តានេះបណ្តាលមកពីការប្រើប្រាស់ទូរស័ព្ទ និងការរំខាននៃជីវិតសង្គមក្នុងអំឡុងពេលជំងឺរាតត្បាត ដែលធ្វើឱ្យយុវជន Gen Z ជិតពាក់កណ្តាលក្នុងចក្រភពអង់គ្លេសមានអារម្មណ៍ឯកោ ។
ដោយសារតែអ្នកស្វែងរកគូស្រករជំនាន់ថ្មីខ្វះទំនុកចិត្តក្នុងការញ៉ែ ឬចាប់ផ្តើមការសន្ទនា Hinge បានណែនាំមុខងារ AI ដើម្បីពិនិត្យមើលប្រវត្តិរូប (Profile) និងបង្កើតប្រយោគផ្តើមសន្ទនា (Icebreaker) អោយអ្នកកំពុងស្វែងរកគូស្រករ ។
អ្នកស្រី Jackie Jantos ប្រធានផ្នែកទីផ្សាររបស់ Hinge បានការពារមុខងារ AI ទាំងនេះដោយអះអាងថា វាជួយឱ្យអ្នកប្រើប្រាស់បង្ហាញពីអត្តសញ្ញាណពិតរបស់ពួកគេ ជាជាងការបណ្តោយឱ្យ AI មកគ្រប់គ្រងការណាត់ជួប ឬ សរសេរពាក្យសម្តីជំនួសពួកគេទាំងស្រុង។
ខណៈពេលដែល Tinder នៅតែជាកម្មវិធីណាត់ជួបដែលមានអ្នកចូលមើលច្រើនជាងគេ ចំនួនអ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេសបានធ្លាក់ចុះពី ១.៩ លាននាក់ មកត្រឹម ១.៥ លាននាក់ (ក្នុងឆ្នាំគិតរហូតដល់ខែឧសភា ឆ្នាំ២០២៥)។ ផ្ទុយទៅវិញ Hinge បានកើនឡើងពី ១.៤ លាននាក់ ដល់ ១.៥ លាននាក់ ដែលធ្វើឱ្យគូប្រជែងទាំងពីរនេះមានកម្រិតអ្នកប្រើប្រាស់ស្ទើរតែប្រកៀកប្រកិតគ្នា ។
ក្រោមការគ្រប់គ្រងរបស់ Match Group កម្មវិធី Hinge នៅតែប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់ខ្លួនគឺ “រចនាឡើងដើម្បីលុបចោល” (designed to be deleted) ដោយបញ្ជាក់ថា ខ្លួនមានគោលបំណងពិតប្រាកដក្នុងការជួយអ្នកប្រើប្រាស់ស្វែងរកទំនាក់ទំនងយូរអង្វែង ជាជាងការរក្សាពួកគេឱ្យនៅលើកម្មវិធីជារៀងរហូត ។
អ្នកជំនាញខាងទំនាក់ទំនងបានកត់សម្គាល់ពីការកើនឡើងនៃភាពនឿយណាយនឹងកម្មវិធីណាត់ជួប(dating app burnout) បណ្ឌិត Carolina Bandinelli បានសង្កត់ធ្ងន់ថា កម្មវិធីទាំងនេះមិនបានបំពេញតាមការសន្យាដែលថា នឹងផ្តល់ការណាត់ជួបដោយគ្មានការបដិសេធនោះទេ ដោយសារតែការខ្វះខាតសញ្ញាសង្គមក្នុងជីវិតពិត (social cues) ធ្វើឱ្យការអូស (swiping) មើលទៅដូចជាការទាយជាជាងការជ្រើសរើស ។
លោកស្រី Siobhan Copland កត់សម្គាល់ថា Gen Z ផ្តល់តម្លៃលើគុណភាពជាជាងបរិមាណ ពួកគេកំពុងដើរចេញពីវប្បធម៌ផឹកស៊ី ដោយជ្រើសរើសបរិយាកាសដូចជា កន្លែងហាត់ប្រាណនៅយប់ថ្ងៃសុក្រ ជាជាងការដើរហើរពេលយប់ ដែលនេះជាការផ្លាស់ប្តូររបៀបដែលពួកគេជួបមនុស្សថ្មីៗដោយធម្មជាតិ ៕