ប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) លោក គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា-វៀតណាម ពិនិត្យលទ្ធភាពក្នុងការបើកច្រកព្រំដែនទ្វេភាគីទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការឆ្លងកាត់របស់ប្រជាជន។
ថ្លែងក្នុង «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម កាលពីថ្ងៃទី២២ ខែមេសា លោក គិត ម៉េង បាននិយាយថា កិច្ចសន្ទនានេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។ លោកបន្តថា បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មចម្បងរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅលើពិភពលោក។
លោកបានថ្លែងថា៖«កិច្ចសន្ទនានាថ្ងៃនេះ គឺជាចំណុចរបត់មួយដែលមិនមែនគ្រាន់តែជាការចាប់ដៃគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងចំណងសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងការស្វែងរកច្រកចូលទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា និងវៀតណាម»។
ទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លោក គិត ម៉េង បានថ្លែងថា៖«ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលប្រទេសទាំងពីរ សូមបើកច្រកព្រំដែនទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង ការឆ្លងកាត់របស់ប្រជាជន និងសំណូមពរសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន ដើម្បីកំណើនសេដ្ឋកិច្ច»។
ថ្លែងក្នុងពិធីខាងលើ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-វៀតណាម កំពុងបង្ហាញភាពល្អប្រសើរលើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីវៀតណាមបាននិងកំពុងជំរុញការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យសក្តានុពល ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា សំដៅធានាឱ្យបាននូវផលប្រយោជន៍ជាអតិបរមា និងផ្តល់នូវភាពកក់ក្តៅជូនដល់វិនិយោគិន។
លោកអះអាងថា៖«បរិយាកាសវិនិយោគជារួមនៅកម្ពុជា គឺមានភាពល្អប្រសើរតាមរយៈការប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហ និងសេរីដោយមិនមានការរើសអើង, សក្តានុពលធនធានធម្មជាតិដ៏សម្បូរបែបក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការបើកទូលាយនៃទីផ្សារនាំចេញតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា»។
បន្ថែមពីលើនេះ លោក វុទ្ធី ក៏បានប្រាប់ឱ្យវិនិយោគិនវៀតណាមបង្កើនការចាប់អារម្មណ៍ទៅលើវិស័យសក្តានុពលមួយចំនួននៅកម្ពុជា ដូចជា ការកែច្នៃជ័រកៅស៊ូ ការកែច្នៃស្វាយចន្ទី ការកែច្នៃដំឡូងមី និងការកែច្នៃស្រូវ ជាដើម។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ លំហូពាណិជ្ជកម្មទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៧,៧៩ ពាន់លានដុល្លារ ថយចុះ ១% បើធៀបនឹងឆ្នាំ២០២៤ ក្នុងចំនួននេះគឺកម្ពុជានាំទៅវៀតណាម ៣,៧៣ ពាន់លានដុល្លារ កើនឡើង ០,៨% ចំណែកវៀតណាមនាំមកកម្ពុជាវិញ ៤,០៦ ពាន់លានដុល្លារ ថយចុះ ២,៥%។ ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងអាមេរិក។
ដោយឡែកសម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៦ ការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ២,២៧ ពាន់លានដុល្លារ ថយចុះ ៣,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងចំនួននេះគឺកម្ពុជានាំទៅប្រទេសវៀតណាម ១,២៤ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៨% ចំណែកវៀតណាមនាំមកវិញ ១,០២ ពាន់លានដុល្លារ ថយចុះ ៤,៨%៕
ប្រភព៖ PostKhmer