ការបិទបញ្ចប់កិច្ចពិភាក្សារវាងមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ដោយមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ព្រមទាំងការប្រកាសបិទច្រកសមុទ្រ Hormuz ពីសំណាក់ភាគីអាមេរិក បានរុញឱ្យតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិហក់ឡើងដល់ជាង ១០០ដុល្លារ ក្នុង ១ធុងបារ៉ែល នាព្រឹកថ្ងៃចន្ទនេះ។
យោងតាម https://oilprice.com/ គិតត្រឹមម៉ោង ១០:០០ ថ្ងៃទី១៣ ខែមេសានេះ(ម៉ោងនៅកម្ពុជា) ប្រេងឆៅប្រភេទ WTI មានតម្លៃ ១០៤,៩ ដុល្លារក្នុង ១ធុងប៉ារ៉ែល កើនឡើង ៨,៣២% ធៀបថ្ងៃទី១២ ខែមេសា ចំណែកប្រភេទ Brent មានតម្លៃ ១០២,២ ដុល្លារ កើនឡើង ៧,០១%។
ការកើនឡើងភ្លាមៗនៃតម្លៃប្រេងឆៅនេះ គឺកើតឡើង ១ថ្ងៃបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់រយៈពេលជាង ២០ម៉ោង រវាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលរៀបចំនៅប្រទេសប៉ាគីស្ថាន មិនទទួលបានលទ្ធផលជាវិជ្ជមានដែលនឹងអាចនាំទៅបិទបញ្ចប់សង្គ្រាមរវាងប្រទេសទាំង ២។
បន្ថែមលើនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ក៏បានសរសេរលើបណ្តាញសង្គម Truth Social ថា៖«កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមការបិទខ្ទប់រាល់កប៉ាល់ដែលព្យាយាមចេញ-ចូលតាមច្រកសមុទ្រ Hormuz»។
កាលពីថ្ងៃទី៨ ខែមេសា(ម៉ោងនៅកម្ពុជា) តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះគួរឱ្យកត់សម្គា់បន្ទាប់ពីរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ប្រកាសបទឈប់បាញ់ជាមួយគ្នារយៈពេល ២ សប្ដាហ៍ ដើម្បីបើកផ្លូវសម្រាប់ការចរចារកាលពីថ្ងៃទី១១ ខែមេសា នៅប្រទេសប៉ាគីស្ថាន។ បែលនោះប្រេងឆៅប្រភេទ WTI មានតម្លៃ ៩៦,៥១ ដុល្លារក្នុង ១ធុងប៉ារ៉ែល និហប្រភេទ Brent មានតម្លៃ ៩៤,៨០ ដុល្លារ។
តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីសហរដ្ឋអាមេរិក រួមជាមួយប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយនៅមុនពេលសង្គ្រាមផ្ទុះឡើង ប្រេងឆៅប្រភេទ WTI មានតម្លៃប្រមាណ ៦៧ ដុល្លារក្នុង ១ធុងប៉ារ៉ែល ចំណែកប្រេងឆៅប្រភេទ Brent មានតម្លៃ ៧២ ដុល្លារ៕
ប្រភព៖ PostKhmer