អាមេរិកចំអកឡកឡឺយដាក់ក្រុងប៉េកាំងរឿង ទីលានធៀនអានមិន (Tiananmen Square) ចំខួបលើកទី ៣៧

0 5

ខួបលើកទី ៣៧ នៃព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមនៅទីលានធៀនអានមិន (Tiananmen Square) កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ ភាពតានតឹងភូមិសាស្ត្រនយោបាយបានផ្ទុះឡើងជាថ្មីរវាងប្រទេសចិន សហរដ្ឋអាមេរិក និងតៃវ៉ាន់ ។

 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីផ្តល់កិត្តិយសដល់អ្នកដែលបានលះបង់ជីវិតដើម្បីសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី ដោយលោកបានសង្កត់ធ្ងន់ថា ការរឹតត្បិតព័ត៌មានដ៏តឹងរ៉ឹងរបស់ទីក្រុងប៉េកាំង មិនអាចលុបបំបាត់ការចងចាំនៃការវាយប្រហារដោយយោធានោះឡើយ។

 

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានបដិសេធដាច់អហង្ការចំពោះការលើកឡើងរបស់លោក រូប៊ីអូ ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបាន “បង្ខូចកេរ្តិ៍ឈ្មោះ” ប្រព័ន្ធនយោបាយរបស់ចិន បំភ័ន្តការពិតប្រវត្តិសាស្ត្រ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនក្រោមលេសសិទ្ធិមនុស្ស។ ទីក្រុងប៉េកាំងនៅតែប្រកាន់ជំហរថា ព្រឹត្តិការណ៍នោះគឺជា “ភាពចលាចលនយោបាយ” ដែលត្រូវបានដោះស្រាយជាផ្លូវការរួចរាល់ជាយូរមកហើយ។

 

រីឯលោកប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានជម្រុញឲ្យទីក្រុងប៉េកាំងហ៊ានប្រឈមមុខនឹងប្រវត្តិសាស្ត្រទទួលស្គាល់ការពិត បន្ធូរបន្ថយការឈឺចាប់ និងបើកទ្វារសម្រាប់ការផ្សះផ្សានិងកិច្ចសន្ទនា។ ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងបានចាត់ទុកលោក ឡៃ ជា “អ្នកបំបែកខ្លួន” មិនបានឆ្លើយតបនឹងការលើកឡើងរបស់លោកឡើយ ។

 

គួរបញ្ជាក់ថា ការពិភាក្សាអំពីព្រឹត្តិការណ៍នេះត្រូវបានហាមឃាត់ និងត្រួតពិនិត្យទាំងស្រុងនៅក្នុងប្រទេសចិនដីគោក ខណៈពេលដែលពិធីអុជទៀនរំលឹកវិញ្ញាណក្ខន្ធខ្នាតធំនៅក្នុងទីក្រុងហុងកុងត្រូវបានបញ្ឈប់ជាដាច់ខាត ចាប់តាំងពីការដាក់ចេញនូវច្បាប់សន្តិសុខជាតិឆ្នាំ ២០២០ តែពិធីរំលឹកវិញ្ញាណក្ខន្ធទាំងនេះនៅតែបន្តប្រារព្ធឡើងនៅតាមបណ្តាទីក្រុងនានាជុំវិញពិភពលោក រួមមាននៅអឺរ៉ុប អូស្ត្រាលី និង តៃវ៉ាន់ ៕

Leave A Reply

Your email address will not be published.