Israel និង Lebanon ឯកភាពយល់ព្រមអនុវត្តបទឈប់បាញ់បើក្រុម Hezbollah ឈប់បាញ់ដែរ

0 4

ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ប្រទេសអ៊ីស្រាអែល និងលីបង់បានព្រមព្រៀងគ្នាពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ។ កិច្ចព្រមព្រៀងនេះផ្អែកលើលក្ខខណ្ឌក្រុមហេហ្សបូឡា (Hezbollah) ត្រូវបញ្ឈប់ការវាយប្រហារទាំងស្រុង និងដកយុទ្ធជនទាំងអស់ចេញពីតំបន់គ្រប់គ្រងដោយអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ (ចាប់ពីទន្លេ លីតានី (Litani) រហូតដល់ព្រំដែន)។

 

កិច្ចព្រមព្រៀងនេះបង្កើតឲ្យមានការរក្សាសន្តិសុខបណ្តោះអាសន្ននៅក្នុងប្រទេសលីបង់ ដែលតំបន់នោះត្រូវបានហាមឃាត់មិនឲ្យមានសកម្មភាពរបស់ក្រុមហេហ្សបូឡាឡើយ ហើយកងទ័ពរដ្ឋាភិបាលលីបង់នឹងត្រូវគ្រប់គ្រងផ្តាច់មុខ ។

 

កាលពីថ្ងៃពុធ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់នៅភាគខាងត្បូងលីបង់ រួមទាំងបុគ្គលិកសុខាភិបាល និង ទាហានលីបង់ម្នាក់ផងដែរ ខណៈដែលក្រុមហេហ្សបូឡាបានបាញ់រ៉ុក្កែតនិងដ្រូនឆ្លងកាត់ព្រំដែនទៅលើអ៊ីស្រាអែលវិញ ។

 

តំណាងអ្នកនយោបាយម្នាក់របស់ក្រុមហេហ្សបូឡាបានថ្លែងថា ក្រុមរបស់ខ្លួនមិនទទួលស្គាល់ការចរចានៅទីក្រុងវ៉ាស៊ីនតោននេះទេ ហើយក៏នឹងមិនគោរពតាមរាល់កិច្ចព្រមព្រៀងនានាដែលបានធ្វើឡើងនៅទីនោះដែរ។

 

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងខ្លាំងកាលពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីការវាយប្រហារដោយរ៉ុក្កែតរបស់ក្រុមហេហ្សបូឡា មនុស្សយ៉ាងហោចណាស់ ៣,៥១៦ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ហើយប្រជាជនជាង ១ លាននាក់ត្រូវបានជម្លៀសខ្លួន ។

 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលូកដៃដើម្បីបញ្ឈប់អ៊ីស្រាអែលមិនឲ្យពង្រីកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅក្នុងទីក្រុងបេរូត (Beirut) ដើម្បីបង្ការកុំឲ្យមានការរីករាលដាលសង្គ្រាមក្នុងតំបន់ ទោះបីជាអ៊ីស្រាអែលនៅតែអះអាងថានឹងបន្តប្រតិបត្តិការរបស់ខ្លួននៅភាគខាងត្បូងលីបង់ក៏ដោយ។ ប្រទេសទាំងពីរមានគម្រោងជួបគ្នាម្តងទៀតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីបន្តកិច្ចពិភាក្សាស្វែងរកកិច្ចព្រមព្រៀងរួមមួយ ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.